(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធរហូតដល់ទៅ ៧៧នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុកជាថ្មីម្តងទៀត នៅតាមតំបន់នានាជាច្រើនទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
ក្រសួងខាងលើបានសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «កងទ័ពអាហ្វហ្គានីស្ថាន គាំទ្រដោយកងយន្តហោះចម្បាំងពីលើផ្ទៃអាកាស បានបើកប្រតិបត្តិការដ៏ក្តៅគគុកសាជាថ្មីម្តងទៀត នៅតាមខេត្តនានាដែលកកកុញដោយវត្តមានរបស់ក្រុមសកម្មប្រយុទ្ធ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ហើយជាលទ្ធផលក្រុមប្រដាប់អាវុធសរុបចំនួន ៧៧នាក់ រួមមានទាំងអ្នកប្រយុទ្ធ ISIS ចំនួន១៧នាក់ផងដែរនោះ ត្រូវបានកម្ចាត់ចោល ខណៈ២៧នាក់បានទទួលរងរបួស និង០៧នាក់ទៀតត្រូវបានចាប់ខ្លួន»។
គួរបញ្ជាក់ថា កងទ័ពអាហ្វហ្គានីស្ថាន បានបង្កើនការធ្វើប្រតិបត្តិការសន្តិសុខយ៉ាងសកម្ម ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលថ្មីៗនេះ ស្របដែលពេលចំនួននៃការវាយប្រហារដោយក្រុមឧទ្ទាមតាលីបង់ និងក្រុមភេរវករ ISIS បានកើនឡើងយ៉ាងសម្បើម នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ៕