(ព្រះសីហនុ)៖ ជនរងគ្រោះ២នាក់ ជាអ្នកនេសាទ បានជួបគ្រោះថ្នាក់លិចទូក កណ្ដាលសមុទ្រ តែសំណាងល្អត្រូវបានអ្នកទេសចរធ្វើដំណើរតាមទូក របស់ក្រុមហ៊ុនកោះរ៉ុងដាយស៊ីធឺ ជួយសង្គ្រោះទាន់។
ករណីគ្រោះលិចទូកនេះកើតឡើង នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ចម្ងាយប្រហែល១គីឡូម៉ែត្រ ពីកោះដែកគោល ខេត្តព្រះសីហុន។
មន្ត្រីជំនាញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩៖៣០នាទីព្រឹក មានករណីលិចទូកឈើកន្ទុយវែង ប្រភេទនេសាទអូសមងបង្គា នៅចំងាយប្រហែល១គីឡូម៉ែត្រ ស្ថិតនៅខាងជើងកោះដែកគោល ក្នុងសង្កាត់លេខក្រុង-ខេត្តព្រះសីហន។ ក្រោយពេលលិចរហូតដល់ម៉ោង១០៖២៥នាទី ត្រូវបានទូកយន្តប្រភេទដឹកភ្ញៀវទេសចរខ្នាតធំ របស់ក្រុមហ៊ុន កោះរ៉ុងដាយស៊ីនធឺ ជួយសង្គ្រោះ ខណៈជនរងគ្រោះទាំង២នាក់ខាងលើ កំពុងហែលទឹកតោងជាមួយប៊ីដុងជ័រអណ្តែតទៅខាងជើងកោះ ដែកគោលប្រហែល២គីឡូម៉ែត្រ ដោយជួយសង្រ្គោះយកមកប្រគល់ឲ្យកម្លាំងជំនាញប្រចាំការគោលដៅ ផែទេសចរណ៏ដើម្បីធ្វើការសាកសួរ។
ក្រោយជួយសង្គ្រោះរួច ពួកគេត្រូវបាននាំទៅសាកសួរនៅកន្លែងសមត្ថកិច្ច ដោយពួកគេបានឲ្យដឹងថា ទូកយន្តខាងលើលិច ដោយសារមានខ្យល់កន្រ្តាក និងមានភ្លៀងទឹករលកធំៗ បណ្តាលឲ្យក្រឡាប់ទូកលិចភ្លាមៗតែម្តង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១៖ ឈ្មោះ ជ័យ សំអុល ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរអ្នកបើកបរទូក (ត្រូវជាម្ចាស់ទូក) ទីលំនៅបច្ចុប្បន្នក្រុម២៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ និងទី២៖ សាង មឿន ភេទប្រុស អាយុ៤៧ឆ្នាំ បុខរបរកម្មករនេសាទ ទីលំនៅបច្ចុប្បន្នរស់នៅជាមួយគ្នា។
បើតាមជនរងគ្រោះប្រាប់ថា សម្ភារៈខូចខាតមានទូកឈើកន្ទុយវែង ពណ៌សម្បកឪឡឹក ១គ្រឿង, ម៉ាស៊ីនម៉ាហ្សូត ១គ្រឿង លិចបាត់ទាំងស្រុង, មងអូសបង្គា ២ផែ ទូរស័ព្ទដៃ ១គ្រឿង ព្រមទាំងសម្ភារផ្សេងៗនៅលើទូកមួយចំនួនទៀតផងដែរ៕