(ភ្នំពេញ)៖ ជាការពិតការធ្វើទានគឺធ្វើដោយក្តីមេត្តា តែបើធ្វើទានដោយគ្មានបញ្ញា មានន័យថាអ្នកកំពុងចូលរួមសាងអំពើអាក្រក់ក្នុងសង្គម និងបំផ្លាញកិត្តិយសជាតិឲ្យអាប់ឱន ដោយមិនដឹងខ្លួន!
រឿងសោកសង្រេងគួរឲ្យអាណិតថ្មីមួយទៀត បន្តពីរឿងចាស់ដែលអាវុធហត្ថរាជធានីភ្នំពេញបានជួបប្រទះនោះគឺ ឪពុកម្តាយ គ្មានមនុស្សធម៌ និងគ្មានព្រហ្មវិហាធម៌១គូ បានចិញ្ចឹមកូន០៥នាក់ ទុកដូចជាទាសករ និងជាឧបករណ៍រកលុយ តាមរយៈការដើរសុំទាន ដើម្បីបំពេញតណ្ហា និងការសប្បាយភ្លើតភ្លើនរបស់ខ្លួន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាន។
ជានិច្ចជាកាល គេសង្កេតឃើញមានអ្នកសុំទានទាំងចាស់ទាំងក្មេងជាច្រើននាក់ បានដើរសុំទានយ៉ាងអាណាធិបតេយ្យ តាមដងផ្លូវ ទីប្រជុំជន រមណីយដ្ឋាន និងតាមស្តុបផ្លូវកែងផ្សេងៗក្នុងរាជធានីភ្នំពេញ។ អ្នកសុំទានខ្លះមានដៃជើងនិងកម្លាំង ពេញលេញ តែក្លែងធ្វើជាពិកាអង្គុយលើរទេះ ឲ្យក្មេងដើររុញសុំលុយ ទាញក្តីអាណិតអាសូពីអ្នកឲ្យទាន ដែលសកម្មភាពនេះ បង្កឲ្យមានភាពរញ៉េរញ៉ៃតាមដងផ្លូវ បាត់សណ្តាប់ធ្នាប់សង្គម បាត់បង់សេចក្តីថ្លៃថ្នូរប្រទេសជាតិ តែនេះជាសិទ្ធិរបស់ពួកគេ ពុំមានច្បាប់ឯណាហាមមិនឲ្យសុំទានឡើយ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចរួមជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន បានព្យាយាមពន្យល់ណែនាំ អប់រំពួកគេឲ្យបោះបង់របរទាំងនេះ ព្រមទាំងមានការជួយឧបត្ថម្ភជីវភាព និងទំនុកបម្រុងកូនចៅពួកគេឲ្យបានរៀនសូត្រ យ៉ាងណាក្តីក៏ពួកគេមិនព្រមបោះបង់របរសុំទាននេះដែរ ព្រោះសុំបានស្រួលហើយបានច្រើនទៀត។ រហូតមានអ្នកសុំទានខ្លះហ៊ាននិយាយថា ជីវិតគេមានតែមួយ ចង់ធ្វើអ្វីគេក៏ធ្វើទៅ ទោះត្រូវជាប់គុក ក៏ចេញមកវិញគេនៅតែសុំទៀតដដែល បើនណាខ្លាំងសម្លាប់គេចោលចុះ ទើបគេឈប់សុំ!
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនស្ត្រីវ័យ៥០ឆ្នាំម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារដោយខុសច្បាប់ ដោយស្ត្រីរូបនោះបាន រក្សាទុកកុមារដែលមិនមែនជាកូនបង្កើតរបស់ខ្លួន រហូតដល់ទៅ០៧នាក់(មាន០២នាក់ជាទារក) និងប្រើប្រាស់ពួកគេឲ្យដើរសុំទាន ដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យ អាហារទទួលទានបានគ្រប់គ្រាន់ផងដែរ។
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ, អង្គការបេសកកម្មយុត្តិធម៌IJM និងអង្គការក្តីសង្ឃឹមនិងយុត្តិធម៌ បានចុះស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែង លើករណីកេងប្រវ័ញ្ចពលកម្មកុមារមួយករណីទៀត ដោយឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ និងសង្គ្រោះក្មេងសុំទាន០៥នាក់ ចេញពីដៃពួកគេ។ ក្មេងទាំងនោះមានឈ្មោះ៖
១៖ លន់ ម៉ាលី ភេទ ស្រី អាយុ ១៧ឆ្នាំ
២៖ លន់ ដារ៉ា ភេទ ប្រុស អាយុ ១៤ ឆ្នាំ
៣៖ លន់ កុសល ភេទ ប្រុស អាយុ ១០ឆ្នាំ(ពិកាជើង និងរងរបួស រលួយគូថ)
៤៖ លន់ កុលាប ភេទ ស្រី អាយុ ០៩ឆ្នាំ
៥៖ លន់ ស្រីណែត ភេទស្រី អាយុ ០១ខួបកន្លះ
តាមការរៀបរាប់របស់កុមារ០៤នាក់ដែលដឹងក្តី បាននិយាយថា ពួកគេគឺសុទ្ធតែធ្លាប់បានរស់នៅជាមួយអង្គការ ទទួលបានការមើលថែរ គ្រប់គ្រង និងរៀនសូត្រ តែឪពុកម្តាយពួកគេ បានទៅលួងលោម នាំរត់ចេញពីអង្គការមកវិញដើម្បី ឲ្យដើរសុំទាន។
កូនស្រីច្បងឈ្មោៈ លន់ ម៉ាលី បានរៀបរាប់ថាខ្លួនត្រូវបានឪពុកម្ដាយអោយដើរសុំទាន តាំងពីអាយុទើបបាន៥ឆ្នាំមកម្ល៉េះ ក្រោយមកធ្លាប់នៅជាមួយ អង្គការមិត្តសម្លាញ់ប្រហែល០២ឆ្នាំ និងនៅអង្គការភាពញញឹមនៃកុមារប្រហែលជាង១ឆ្នាំ តែត្រូវឪពុកម្តាយនាំរត់ចេញពីអង្គការ ហើយឥឡូវនេៈនាងមានអាយុ១៧ឆ្នាំហើយ តែឪពុកម្តាយនៅតែឲ្យនាងដើរសុំទាន ដើម្បីរកប្រាក់អោយពួកគាត់ដ៍ដែល។
រឿងខ្លោចផ្សាបំផុតនោះ គឺកូនប្រុសទី៣ឈ្មោះ លន់ កុសល បានរៀបរាប់ថា រូបគេធ្លាប់រស់នៅក្នុងអង្គការមិត្តសំឡាញ់ ហើយបានទទួលការរៀនសូត្រ ត្រឹមត្រូវល្អណាស់ តែសុខៗសោះ ឪពុកម្ដាយរបស់ខ្លួន បែជាទៅលួងលោមនាំរត់ចេញពីមណ្ឌល ឲ្យមកដើរសុំទានរកលុយឲ្យពួកគាត់ទៅវិញ ហើយមានថ្ងៃមួយ រូបគេដើរសុំទានហត់ពេក ក៏ដេកតាមចញ្ចើមថ្នល់ត្រូវបានឡាន អ្នកស្រវឹងស្រាបើកកិនពីលើខ្នងឈឺផ្សាយ៉ាងខ្លាំង តែឪពុកម្តាយមិនបានយកទៅ មន្ទីរពេទ្យដើម្បីព្យាបាលទេ គឺទុកគេឲ្យឈឺរហូត ពិកាជើងទាំងពីរ រួចហើយពួកគាត់ក៏ទិញរទេះ មកឲ្យជិះសុំទានកាន់តែខ្លាំងជាងកាលមិនទាន់ពិកា ព្រោះងាយទទួលបានការ អាណិតអាសូរពីអ្នកឲ្យទាន ។ កុមារ លន់ កុសល បន្តថា គេត្រូវអង្គុយលើរទេះ ជិះសុំទានហាលថ្ងៃ ហាលភ្លៀង រៀងរាល់ថ្ងៃ រហូតធ្វើឲ្យ រលាកគូថទាំងសងខាង ដំបៅដូចមហារីកគួរអោយខ្លោចផ្សារបំផុត ហើយឪពុកម្តាយរបស់គេ ក៏មិនបានថែទាំ ដាក់ថ្នាំព្យាបាល ឬនាំទៅពេទ្យឡើយ។
កាមារី លន់ កុលាប ក៏បានប្រាប់ដែរថា រាល់ថ្ងៃរូបនាង ត្រូវបានឪពុកម្តាយដឹកតុតុ មកទម្លាក់តាមស្តុប ឲ្យដើររកលុយដោយសុំទានគេ ហើយពេលបានលុយគឺយកឲ្យពុកម៉ែទាំងអស់ លុះយប់ឡើងនាងដើរដេកតាមចឹញ្ចើមថ្នល់ ឬជួនកាលដេកលើតុតុ ជាមួយពុកម៉ែ។
តាមចម្លើយសារភាពរបស់បុរសឈ្មោះ ធុន ធី អាយុ៣៧ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ ម៉ុម នួន ដែលបានគ្នាតាំងពីអាយុ១៧ឆ្នាំ ហើយបានចាកចេញពីស្រុកកំណើត មកភ្នំពេញ ធ្វើការក្រុមហ៊ុនស៊ិនទ្រីបាន០២ខែ ក៏ឈប់ធ្វើការ ប្តូរមកដើររើសអេតចាយ និងសុំទានវិញ ពេលបានលុយក៏ត្រឡប់ទៅស្រុក អស់លុយក៏ត្រលប់មកសុំទានវិញ រហូតដល់ពេលពួកគេមានកូនធំល្មមអាចដើរសុំទានបាន ពួកគេក៏បង្រៀនឲ្យកូនដើរសុំទានម្តង ដោយមិនបានឲ្យទៅរៀនឡើយ។ ពួកគេពុំមានផ្ទះស្នាក់នៅពិតប្រាកដទេក្នុងភ្នំពេញនេះ គឺសុំដល់ត្រឹមណាសម្រាកត្រង់ហ្នឹង ក្រោយមកពួកគេបានទិញម៉ូតូ រម៉កកង់បី១ តែមិនបានរត់កង់បីនោះទេ គឺទុកសម្រាប់តែដឹកកូនៗ ទម្លាក់តាមស្តុបដើម្បីដើរសុំលុយឲ្យពួកគេ និងទុកសម្រាប់ដេកពេលយប់តែ ប៉ុណ្ណោះ។
ក្រៅពីមានប្រពន្ធហើយ បុរសឈ្មោះ ធុន ធី បានសារភាពថានៅមានស្រីលួចលាក់ ផ្សេងទៀតផងដែរ ដូច្នេះលុយដែលកូនៗសុំបាន ក្នុងមួយថ្ងៃជាង១០ម៉ឺនរៀល ខ្លួនបានយកមកស៊ីចាយប្រចាំថ្ងៃផង ផឹកស្រាផង លេងបៀផង និងលួចឲ្យស្រីរបស់ខ្លួនផង។
បច្ចុប្បន្នក្មេងៗទាំង០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ឲ្យមន្ទីរសង្គមកិច្ច យកទៅរក្សាទុកក្នុងមណ្ឌល ដើម្បី គ្រប់គ្រងមើលថែ និងរៀនសូត្រ ឯបុរស់ឈ្មោះ ធុន ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារ ព្រៃស រីឯប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅស្រុកកំណើតកសាងខ្លួន កសាងជីវិតថ្មី ធ្វើកិច្ចសន្យាឈប់ដើរសុំទាន និងឈប់ទៅលួងលោម នាំកូនរត់ចេញពីមណ្ឌលបន្តទៀត។
តើចំពោះករណីគ្មានមនុស្សធម៌ និងគ្មានព្រហ្មវិហារធម៌ ចំពោះកុមារខាងលើ អ្នកណាខ្លះដែលបានចូលរួមចំណែករុញច្រានពួកគេ? បើគ្មានអ្នកឲ្យទានខុសគោលដៅទាំងនោះទេ ពួកគេពិតជាមិនជ្រើសរើសរបរសុំទានដ៏សែនស្រួលនេះដែរ!
តើគួរធ្វើទាននៅទីណា ទើបហៅថាធ្វើទានដោយបញ្ញា?
មិនខ្វះទេដូចជា មន្ទីរពេទ្យគន្ធបុប្ផាដែលជួយព្យាបាលកុមារមិនរើសមុខ មណ្ឌលកុមារកំព្រាដែលជួយបីបាច់រក្សានិងផ្តល់ ចំណេះដឹងដល់កុមារ ព្រះសង្ឃដូនជីនៅក្នុងវត្ត ចាស់ព្រឹទ្ធាចារ្យជរាទុរគត៌ពុំមានទីពឹងដែលប្រឹងតស៊ូ រស់នៅដោយកម្លាំង ញើសឈាមពួកគាត់ និងសិស្សក្រីក្រដែលចេះតស៊ូរៀនដើម្បីអនាគត ទាំងអស់នេះគឺសុទ្ធតែត្រូវការ អ្នកសប្បុរសជួយគ្នាជាចាំបាច់៕