(ភ្នំពេញ)៖ ហេតុអ្វីទណ្ឌិត សម រង្ស៊ី ចូលចិត្តយកទុក្ខដាក់ខ្លួនម៉្លេះ? ឬនេះគឺជាចរិតធម្មជាតិរបស់បុគ្គលនេះដែលមាន មាត់ឥតគម្រប មាត់ត្រីកំភ្លាញត្រីចង្វារដែល ស្លាប់ដោយសារតែមាត់? នៅសុខៗ ទណ្ឌិតដែលកំពុងតែស្ពាយទោស ជាប់ខ្លួនរត់ចោលស្រុករូបនេះ បានប្រកាសដោយខ្លួនឯងថា ខ្លួនស្ថិតនៅលេខរៀងទី១ នៅក្នុងបញ្ជីខ្មៅក្នុងចំណោមមនុស្ស ១០០ ទៅ ២០០នាក់ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីដើមខែមិថុនាថា ក្នុងករណីចាំបាច់ដើម្បីភាព សុខសាន្តរបស់ប្រជាជនរាប់លាននាក់ រួមនឹងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍផង សុខចិត្តកម្ចាត់ចោលមនុស្ស១០០ ទៅ២០០នាក់។ បើលោក សម រង្ស៊ី ប្រកាសខ្លួនថា ស្ថិតក្នុងបញ្ជីមនុស្សទាំងនេះមានន័យថា រាល់ទង្វើដែល សម រង្ស៊ី បាននិងកំពុងធ្វើគឺពិតជាសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ការអភិវឌ្ឍ និងការរស់នៅប្រកបដោយក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាហើយ។
ដោយសារតែជាមនុស្សគ្រោះថ្នាក់សម្រាប់សង្គមជាតិ បានជាកម្ពុជាចាំបាច់ត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងការពារការសាងគ្រោះរបស់ទណ្ឌិតដែលជាកូនរបស់ជនក្បត់ជាតិ សម សារី កុំឱ្យបង្កបញ្ហាសព្វបែបយ៉ាងដល់ប្រទេសជាតិទៀត។ ប្រទេសជាតិ មានសន្តិភាព និងធ្វើដំណើរឆ្ពោះទៅមុខរហូតក្នុងកិច្ចអភិវឌ្ឍ ដូចពេលនេះគ្មានស្នាដៃរបស់បក្សប្រឆាំង ឬទណ្ឌិត សម រង្ស៊ី នៅក្នុងនេះទេ គឺពួកគេមានតែបង្កជម្លោះ ញុះញង់ មួលបង្កាច និងបញ្ឆេះកំហឹងវណ្ណៈសង្គម តែប៉ុណ្ណោះ។
ហេតុដូច្នេះហើយបានជាមានភាពចាំបាច់ ដែលកម្ពុជាត្រូវធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់ស្តីពីគណបក្ស នយោបាយ ដើម្បីទប់ស្កាត់ការធ្វើនយោបាយ បញ្ឆេះកំហឹង រើសអើងប្រកាន់ពូជសាសន៍ និងធ្វើនយោបាយសងសឹក បង្កឡើងដោយទណ្ឌិត ដែលងាយទាញកម្ពុជាចូលទៅក្នុងជម្លោះ និងសង្គ្រាមស៊ីវិលឡើងវិញ ខណៈប្រទេសដែលបានហែលឆ្លងកាត់សោក នាកដកម្មសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍នេះ ទើបនឹងស្គាល់ពន្លឺនៃសុខសន្តិភាព ការបង្រួបបង្រួមនិងផ្សះផ្សារជាតិ និងការអភិវឌ្ឍទើបនឹងបានរយៈពេល២០ឆ្នាំប៉ុណ្ណោះ ក្រោយពីការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីរំលាយអង្គការ ចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងនាំយកសន្តិភាពពេញ លេញជូនកម្ពុជានៅចុងឆ្នាំ ១៩៩៨។
ប្រសិនបើបណ្តែតបណ្តោយឱ្យទណ្ឌិត សម រង្ស៊ី ធ្វើសកម្មភាពស្រេចតែនឹងអំពើចិត្ត នោះវាសនាជាតិពិតជាប្រឈមនឹងភាពក្តីក្រហាយ ហើយរាស្ត្រនឹងមិនមាន ចិត្តស្ងប់ក្នុងការប្រកបរបរចិញ្ចឹមជីវិតឡើយ ព្រោះថារាល់ពេលដែល សម រង្ស៊ី មានវត្តមាននៅក្នុងស្រុក ជននេះបានដើរបង្កចលាចល និងបង្កភាពវឹកវរទៅតាម អារម្មណ៍ និងគំនុំសងសឹកគ្រួសាររបស់ខ្លួន។ បើអត់ សម រង្ស៊ី ម្នាក់ក៏មាន់នៅតែរងាវដែរ។
លើសពីនេះទៅទៀត បើ សម រង្ស៊ី អះអាងថា ខ្លួនស្ថិតនៅលេខរៀងទី១ ជាមនុស្សដែលត្រូវកម្ចាត់ទៅហើយ ទោះបីជាចូលមកស្រុកខ្មែរវិញ ក៏នឹងមិនទុកឱ្យខ្មែរ សុខសាន្តដែរ និងព្យាយាមក្នុងការធ្វើខ្លួនជាមនុស្សរំខាន ដល់ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ព្រោះទណ្ឌិតរូបនេះជាអ្នកនយោបាយដើរតែបង្កបញ្ហា។
ប៉ុន្តែជាមួយការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយ សម រង្ស៊ី នឹងក្លាយជាជនឯកោនៅក្រៅប្រទេស ហើយសម្តីរបស់ សម រង្ស៊ី នឹងក្លាយជាគ្មានន័យ ព្រោះគ្មាននរណាហ៊ានយកខ្លួនមកបៀតទៀតទេ ព្រោះប្រៀបបាន នឹងដុំភ្លើងដែលងាយបង្កបញ្ហា ហើយស្រួលៗមិនស្រួលនាំឱ្យរលាយបក្ស និងត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយទៀត ក៏ព្រោះតែសេពគប់ទណ្ឌិត និងសមគំនិតជាមួយទណ្ឌិត។
យោងតាមខ្លឹមសារខ្លះៗនៃសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងដាក់ពិភាក្សាអនុម័តក្នុងរដ្ឋសភាខាងមុខនេះ បានលើកឡើងថា៖ «គ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដើម្បីជាប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព [ភាពស្ងៀមស្ងាត់] ឬឃុបឃិតជាមួយទណ្ឌិត ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ បើគណបក្សណាបានប្រព្រឹត្តនូវទង្វើទាំងនេះ តុលាការអាចរំលាយគណបក្សនោះ»។
ជាមួយវិសោធនកម្មថ្មីនេះ ក្តីស្រម៉ៃរបស់ សម រង្ស៊ី ក្នុងការវិលត្រឡប់មកស្រុកវិញ រួមនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី និងវិលមកគ្រប់គ្រងបក្សសង្គ្រោះជាតិឡើងវិញបានក្លាយជាការយល់សប្តិលើយល់សប្តិ។ ទីបំផុត សម រង្ស៊ី បានចាញ់នៅគ្រប់សមរភូមិទាំងអស់។
ពេលនោះឈ្មោះ សម រង្ស៊ី នឹងរសាត់បាត់ឥទ្ធិពលសម រង្ស៊ី ក៏នឹងសាបក្រោមកណ្តាប់ដៃ កឹម សុខា ហើយសូម្បីតែរូបភាព សម រង្ស៊ី ក៏គេមិនហ៊ាននឹងតាំងផង។ ជាក់ស្តែង អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសថា គណបក្សសង្រ្គោះជាតិនឹងដករូប សម រង្ស៊ី ចេញពីស្លាកគណបក្សរបស់ខ្លួន បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ មិនទាន់បានអីផង គេចាប់ផ្តើមដាក់ សម រង្ស៊ី នៅឆ្ងាយបាត់ទៅហើយ។ តើក្តីសង្ឃឹមរបស់ សម រង្ស៊ី ពីមុនមកមាននៅសល់អ្វីទៀត?
បើខ្លួនគិតថាជាមនុស្សដែលបង្កបញ្ហា និងបង្កការក្តៅក្រហាយឱ្យគេដោយសារតែទង្វើ និងសម្តីឥតគម្របរបស់ខ្លួន ដូច្នេះទណ្ឌិត សម រង្ស៊ី គួរបញ្ឈប់មហិច្ឆតាអំណាចរបស់ខ្លួន ព្រោះមានតែនាំគ្រោះឱ្យខ្លួន និងអ្នកដទៃតែប៉ុណ្ណោះ ហើយគួរសម្រាកឱ្យបានស្រួលនៅស្រុកបារាំង។
ចៅចាក់ស្មុក ក៏សូមផ្តល់យោបល់ដល់អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ថា ប្រសិនបើ សម រង្ស៊ី ពិតជាចង់ជួយបម្រើជាតិពិតប្រាកដមែននោះ សម្រាប់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្លួនមែន គួរលះបង់គំនិតទុច្ចរិតរបស់ខ្លួន និងដកខ្លួនចេញពីឆាកនយោបាយកម្ពុជា ហើយអាចស្នើសុំធ្វើជាឧត្តមទីប្រឹក្សារដ្ឋ ឬឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ក៏ល្អម្យ៉ាងដែរ។ ចៅ ចាក់ស្មុក បានត្រឹមតែផ្តល់យោបល់ ត្រង់ថាស្តាប់ ឬមិនស្តាប់ មានតែ សម រង្ស៊ី និងបរិវាររបស់ខ្លួនទេ ជាអ្នកសម្រេច។ បើចង់បន្តការតស៊ូក្នុងនយោបាយខណៈខ្លួនកំពុងរួតរឹតដោយសំណុំរឿងនៅតុលាការទៀត លោតកាន់តែខ្លាំងប្រហែលក៏ត្រូវព្រនង់កាន់តែខ្លាំង ដែរ!
ដោយ៖ ចៅចាក់ស្មុក