(បន្ទាយមានជ័យ)៖ ក្រុមហ៊ុន គូបូតា (ខេមបូឌា) Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd បានប្រារព្ធពិធី «គូបូតាចែករំលែកក្តីសង្ឃឹម នៃអនាគតដល់កុមារឆ្នាំ 2017» សម្រាប់ឆ្នាំទី ៣ ក្រោមអធិបតីភាព លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ។
លោនសួន បវរ បានថ្លែងថា ប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបានដឹងថា មានការរីកចម្រើន ជាបន្តបន្ទាប់ប្រកបដោយការដឹកនាំប្រទេសអភិវឌ្ឍន៍ គ្រប់វិស័យ ក្រោមការដឹកនាំដោយគតិយុទ្ធ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ លោកក៏បានថ្លែងអំណរអគុណ ដល់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd បានផ្តល់ កាបូប និងសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សក្នុងខេត្ត។
លោក សំប៊ូន ជីនថាណាផុន អនុប្រធានក្រុមហ៊ុន ប្រធានផ្នែកលក់និងសេវាកម្ម របស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd បានថ្លែងថា «គោលការណ៍អាជីវអាជីវកម្មរបស់ក្រុមហ៊ុន ស្យាម គូបូតា មិនត្រឹមតែបង្កើនទិន្នផលកសិកម្មចម្រុះប៉ុណ្ណោះទេ ថែមទាំងសន្យាចូលរួមចំណែក ជួយដល់សង្គមជាបន្តបន្ទាប់ដូចជា គម្រោង គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារ ដែលជាផ្នែកមួយនៃទំនួលខុសត្រូវក្នុង សង្គមរបស់សាជីវកម្មក្នុងវិស័យអប់រំ»។
គម្រោងនេះ សម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងរយៈពេលពីរឆ្នាំកន្លងមកហើយ និងសម្ភារៈសិក្សាជាច្រើនបានផ្តល់ជូនដល់កុមារ ដែលអាចជួយផ្គត់ផ្គង់ ការសិក្សារបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង ដូច្នេះ ទើបយើងបន្តរៀបចំគម្រោងនេះជាឆ្នាំទីបី ដែលប្រារព្ធធ្វើនៅថ្ងៃទី០៣កក្កដានេះ ដើម្បីផ្គត់ផ្គង់ដល់តំបន់ខ្វះខាតនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគ កាបូបសិក្ស និងសម្ភារៈសិក្សាចំនួន ២០,០០០ ឈុត ដោយបែងចែក ៥,០០០ ឈុត សម្រាប់ខេត្តបន្ទាយមានជ័យតាមរយៈ លោកអភិបាលខេត្តបន្ទាយមានជ័យ និងចំនួន ១៥,០០០ ឈុតទៀត ប្រគល់ជូនភ្នាក់ងារចែកចាយស្របច្បាប់របស់ក្រុមហ៊ុនគូបូតាដើម្បីផ្តល់អំណោយនៅតាមបណ្តាខេត្តជាច្រើនក្នុងខែកក្កដានេះដើម្បី ជាអំណោយសម្រាប់ឱកាសទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ។
លោក សំ ប៊ូន បានបន្ថែមទៀតថា «ចាប់តាំងពីបានបង្កើតក្រុមហ៊ុន គូបូតា (ខេមបូឌា) បានលើកកម្ពស់ការអនុវត្តអាជីវកម្មជាចម្បង លើការធ្វើអាជីវកម្មស្របគ្នាជាមួយ នឹងការជួយ ដល់សង្គម ជាពិសេសនៅក្នុងវិស័យអប់រំ ក្នុងទម្រង់បង្កើត “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា គូបូតា» ដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តបាត់ដំបង ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា គ្រឿងយន្តកសិកម្មបន្ថែមលើគម្រោង ចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារ»។
គម្រោង ចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារនៅក្នុងឆ្នាំ២០១៧នេះ មានគោលដៅផ្តល់ អំណោយសរុបចំនួន ៤៥,០០០ ឈុត រួមមានកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ សម្រាប់ការផ្តល់ សម្ភារសិក្សាដល់កុមារដែលមានអាយុចូលរៀន ក្រុមហ៊ុនបានបរិច្ចាគតាមរយៈរដ្ឋាភិបាល និងភ្នាក់ងារចែកចាយស្របច្បាប់ នៅក្នុងប្រទេសនីមួយៗ ដើម្បីផ្តល់ការគាំទ្រដល់កុមារ និងយុវជនដែលមានការខ្វះខាត។
សូមបញ្ជាក់ថា សម្ភារៈសិក្សាចំនួន ២០,០០០ ឈុត ដែលសរុបជាថវិការជាង ៣លានបាត (៣៦០ លានរៀល) ដល់សិស្សានុសិស្សដែលខ្វះខាត និងកុមារក្រីក្រ នៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ និងជួយអភិវឌ្ឍដល់សង្គម៕