(កណ្តាល)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានរាយការណ៍ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា មានករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ នៅក្នុងបន្ទប់ទឹក ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។   

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ឲ្យដឹងថា បើតាមយុវជនម្នាក់ ដែលសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅម៉ោងប្រមាណជា ៥៖១៥នាទីរសៀលថ្ងៃទី០២ ខែកក្កដានេះ ដោយដំបូងឡើយជនល្មើស បានចូលក្នុងបន្ទប់ទឹក ហើយចេញវិញដោយនិយាយថា បន្ទប់ទឹកស្ទះឲ្យយុវជនរងគ្រោះចូលទៅមើល ស្រាប់តែចូលក្នុងបន្ទប់ទឹក ឮសំឡេងប្រតាយប្រតប់ក្នុងបន្ទប់ទឹក រួចជនល្មើសក៏ចេញពីបន្ទប់មកវិញ ហើយប្រាប់យុវជនជាសាក្សីថា ជនរងគ្រោះដួលបោកក្បាល បែកឈាមយកក្រណាត់ជូនឲ្យគេផង ដោយដៃរបស់ជនល្មើសមានជាប់នឹងកំាបិតផងដែរ។ ឃើញបែបនេះ យុវជនដែលជាសាក្សី បានរត់ចេញពីកន្លែងកើតហេតុ និងបានរាយការណ៍ពីហេតុការណ៍នេះជូនសមត្ថកិច្ច។

លោកស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ សមត្ថកិច្ចរបស់លោកកំពុងធ្វើការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវស្វែងរកចាប់ជនល្មើស មកដាក់ទោសតាមច្បាប់។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជាក់ថា មានឈ្មោះ ខា ស្នាក់នៅកន្លែងកើតហេតុ ហើយមានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕