(ប៉ៃលិន)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងការពារព្រំដែនគោក លេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក ប៊ុន សេង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី៥ បានលើកឡើងថា៖ កងយោធពលខេមរភូមិន្ទ ត្រូវមានគោលជំហរស្មារតីរឹងមាំ បន្តគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានឆន្ទៈមុះមុតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធមនុញ្ញ ការពាររាជរដ្ឋាភិបាល ព្រមទាំងបន្តអនុវត្តតាមអនុសាសន៍ទាំង ៦ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ពង្រឹងកិច្ចការពារព្រំដែន អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព គ្មានអំពើភេវកម្ម គ្មានបដិវត្តពណ៌ គាំទ្រការប្រមូលពន្ធចូលថវិកាជាតិ និងប្រព្រឹត្តអំពើល្អជាមួយប្រជាជន។

លោកឧត្តមសេនីយ៍ក៍បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅតាមព្រំដែនត្រូវចូលរួមទប់ស្កាត់ ប្រជាពលរដ្ឋកុំឲ្យធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីការពារសុវត្តិភាពជូនពលរដ្ឋយើង ព្រោះបច្ចុប្បន្ននេះប្រទេសថៃ កំពុងតែអនុវត្តន៍ច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងបំផុត ដោយចាប់ជនអន្តោប្រវេសន៍ ធ្វើការនៅប្រទេសថៃខុសច្បាប់ បញ្ជូនទៅពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ដូច្នេះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវផ្សព្វផ្សាយលើបញ្ហាននេះ ឲ្យប្រជាពលរដ្ឋបានយល់ដឹង ជៀសវាងពួកគាត់ធ្វើបន្តទៅធ្វើការងារ នៅប្រទេសថៃ ដោយខុសច្បាប់នាំឲ្យគ្រោះថ្នាក់ និងមានទោសទៀតផង។
 
លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ បានធ្វើរបាយការណ៍ថា វគ្គហ្វឹកហឺ្វននេះ បានដំណើរការអស់រយៈពេល៦០ថ្ងៃ ដោយគិតពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានសិក្ខាមចូលរួមចំនួន៨០នាក់ គ្រូ១០នាក់ និងយកខ្លឹមសារមេរៀនសំខាន់ៗដូចជា៖ យោធារួម យុទ្ធវិធីថ្មើរជើង បច្ចេកទេសអាវុធថ្មើជើង  ជំនាញការពារព្រំដែន និងអប់រំចិត្តសាស្រ្ត ហើយឆ្លងតាមការហ្វឺកហ្វឺនពលទាហាន នាយទាហានទាំងអស់បានខិតខំរៀនសូត្រក្រោយពីបញ្ចប់វគ្គ សិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន២២នាក់ និទ្ទេសល្អបង្គួចំនួន ២៣នាក់ និទ្ទេសមធ្យមចំនួន២៨នាក់ និងខ្សោ​យចំនួន៧នាក់៕