(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃអាទិត្យនេះបានលើកឡើងថា ការកកូរកកាយជុំវិញឃាតកម្មសម្លាប់ លោក កែម ឡី របស់លោក សម រង្ស៊ី នៅតុលាការអាមេរិកនាពេលនេះ គឺគ្រាន់តែចង់ដាក់បន្ទុកលើគូរសត្រូវនយោបាយរបស់ខ្លួន ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ។ ប៉ុន្តែទោះជាងយ៉ាណា លោកបានព្រមានថា សើរើរឿងក្តីនេះ មិនអាចរំលោភលើអាធិបតេយ្យភាពរបស់កម្ពុជាបានទេ។

ប្រតិកម្មរបស់ លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពី អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសថា តុលាការអាមេរិកបាន យល់ព្រមទទួលសំណើរបស់លោក ដែលស្នើឲ្យក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនចែកចាយសាំងកាលតិច ផ្តល់ឯកសារវីដេអូ​កាមេរ៉ាសុវត្ថិភាព នៅក្នុងស្ថានីយ៍សាំងកាលតិចស្តុបបូកគោ ដែលជាកន្លែងឃាតកម្មសម្លាប់ លោក កែម ឡី។ តុលាការអាមេរិក ក៏បានបង្គាប់ឲ្យក្រុមហ៊ុន Chevron រៀបចំឯកសារឆ្លើយតប នៅមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ផងដែរ។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រ Facebook នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ដំណឹងល្អពីតុលាការសហរដ្ឋអាមេរិក ទាក់ទងទៅនឹងសំណើរបស់ខ្ញុំ ស្នើសុំភស្តុតាង និងព័ត៌មានមួយចំនួន ពីក្រុមហ៊ុនអាមេរិកាំង Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex»។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន បានថ្លែងថា «ការចង់កកូរកកាយបន្ត ការសេីុបអង្កេតបន្ថែមយ៉ាងណារបស់ ទណ្ឌិត សម រង្ស៊ី នោះមិនអាចគ្របដណ្តប់លេីឯករាជ្យភាព និងយុត្តាធិការរបស់តុលាការកម្ពុជាបានឡេីយ។ ការកកូរកកាយរបស់ សម រង្សី គ្រាន់តែជាការចង់ដាក់បន្ទុក មកលេីគូសត្រូវនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ដែលសម រង្សី តែងតែចងអាឃាដជាប់ជានិច្ច នៅក្នុងខួរក្បាល សម រង្សី ដែលមានតាំងពីដេីមមក»។

លោក សុខ ឥសាន បានបន្ថែមថា «ការចង់សើរើរឿងក្តីនេះ មិនអាចរំលោភលើអាធិបតេយ្យភាព របស់តុលាការកម្ពុជាបានជាដាច់ខាត»។

លោក កែម ឡី ត្រូវបានឃាតក បាញ់សម្លាប់ នៅក្នុងស្តាម៉ាតស្ថានីយ៍សាំងកាលតិចរបស់ក្រុមហ៊ុន Chevron ត្រង់ចំណុចស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាតកម្មនេះភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅជួបសម្លាប់ ដែលបានធ្វើសកម្មភាព ហើយរត់ចេញពីកន្លែងកើតហេតុ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ តុលាការក្រុងភ្នំពេញ បានសម្រេចកាត់ទោស ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើ លោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សា ទុកអាវុធខុសច្បាប់។

ពាក់ព័ន្ធនឹងករណីនេះ  តុលាការក្រុងភ្នំពេញ ក៏បានសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំ ជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី ផងដែរ៕