(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសថា កំណើននៃការគាំទ្រមកលើគណបក្សប្រជាជននៅបរទេស គឺកំពុងកើនឡើងយ៉ាងច្រើន ដោយសារតែខ្មែរនៅបរទេស កាន់តែដឹងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាទីទុកចិត្តរបស់ពលរដ្ឋ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កំណើននៃការគាំទ្រមកលើគណ បក្សប្រជាជន នៅបរទេសគឺកំពុងកើនឡើងយ៉ាងច្រើន បន្ទប់ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាទីទុកចិត្តបស់ប្រជាពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងអបអរសាទរដល់ សមាជិក សមាជិកា គណបក្សប្រជាជននៅក្រៅប្រទេសទាំងអស់ រួមទាំងនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។
ឆ្លៀតនៅចុងសប្តាហ៍នេះ សម្តេចបានជូនពរប្រជាពលរដ្ឋខ្មែឬទាំងនៅក្នុងប្រទេស និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕