(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម តំណាងរបស់ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកនៃគណៈពង្រឹងមូលដ្ឋានឃុំទាំងអស់ និងគណបក្សស្រុក បានប្រារព្ធពិធីមីទ្ទិញ រំលឹកខួបអនុស្សាវរីយលើកទី៦៦ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧) ថ្ងៃខួបបង្កើតគណបក្សប្រជាជនកម្ពុជា រួមជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ១៧០០នាក់ នៅសាលាបក្សស្រុកល្វាឯម ស្រុកល្វាឯម ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោក គង់ វិបុល តាមនាមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ដោយក្នុងស្រុកល្វាមឯម មានឃុំចំនួន១៥ គណបក្សប្រជាជនកម្ពុជាឈ្នះចំនួន១២ឃុំ។
ក្នុងនោះដែរ ក្នុងខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានេះ លោក គង់ វិបុល បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានភាពចាស់ទុំ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍ រក្សាបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះ ប្រទេសជាតិពីនឹមអាណានិគមបារាំងប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងធំធេង ដោយបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនពីទុក្ខវេទនា ដែលពេលនោះគ្មានមុខជន ឬគណបក្សមួយ ដែលអះអាងថា ខ្លួនជាអ្នកសង្គ្រោះជាតិ ចេញមុខមករំដោះប្រទេសជាតិ និងប្រជាជនឲ្យចាកផុតពីទុក្ខវេទនានោះឡើយ គឺមានតែគណបក្សប្រជាជនមួយគត់ រំដោះជាតិចេញពីភ្លើងសង្គ្រាម រំដោះប្រជាជនឲ្យរួចផុតពីទុក្ខវេទនា។
លោកសង្កត់ធ្ងន់ថា «ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បើគណបក្សសង្គ្រោះជាតិ ចិត្តសឿងហេតុអ្វីមិនចេញមុខរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ម៉េចមិនចេញមកនិយាយអំពីសេរីភាព និយាយអំពីសិទ្ធិមនុស្ស គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានតស៊ូរំដោះប្រជាជនខ្មែរ ឲ្យផុតពីរបបប្រល័យពូជសាសន៍ ដែលមានថ្ងៃ៧មករា ជាប្រវត្តិសាស្ត្រ និងបានខិតខំកសាងប្រទេស តាំងពីបាតដៃទទេ រហូតមកដល់សព្វថ្ងៃនេះ»។
លោក គង់ វិបុល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា នៅពេលដែលគណបក្សប្រជាជន បានកសាងប្រទេសឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ទើបមានអ្នកខ្លះចេញមុខអួតថាខ្លួន សង្គ្រោះជាតិតើមានន័យអ្វី? ហើយនៅថ្មីៗនេះ ក៏មានការសន្យាថា ប្រសិនខ្លួនឈ្នះឆ្នោតនៅឆ្នាំ២០១៨នោះ គេនឹងទៅយកទឹកដីកម្ពុជាក្រោមមកវិញ នេះហើយគឺច្បាស់ណាស់ នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនឹងមានសង្គ្រាមជាក់ជាមិនខាន សង្គ្រាមជាមួយប្រទេសជិតខាង ដែលនឹងធ្វើឲ្យអន្តរាយដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយគណបក្សនេះ មិនមែនគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែជា «គណបក្សសាងគ្រោះជាតិ» ទៅវិញទេ។ ដូច្នេះគណបក្សប្រជាជនកម្ពុជា នឹងមិនអាចឲ្យមានការបាត់បង់នូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបានខិតខំកសាងមកដោយ លំបាកជាយូរលង់មកហើយបានទេ។
ជាមួយគ្នានេះ លោក គង់ វិបុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះ ទៅកាន់ការអភិវឌ្ឍន៍ខ្លាំងក្លាឡើយថែមទៀត និងកុំចាញ់បោកឃោសនា ឬការសន្យាខ្យល់របស់បក្ស ឬបុគ្គលមួយចំនួន។
លើសពីនេះទៅទៀតនោះ លោក គង់ វិបុល ក្នុងនាមគណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម បានសន្យាចំពោះមុខប្រជាជន និងសមាជិក សមាជិកបក្សទាំងអស់ថា លោកបន្តខិតខំអភិវឌ្ឍន៍មូលដ្ឋានស្រុកល្វាឯម ឲ្យកាន់តែខ្លាំងក្លា និងរីកចម្រើនចាប់ពីពេលនេះរហូតតទៅ ដោយមិនធ្វើឲ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមឡើយ។
លោក គង់ វិបុល ក៏បានផ្តាំផ្ញើរមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបម្រើ ប្រជាជនដោយស្មោះត្រង់ ហើយនឹងបន្តគាំទ្រដល់ គណបក្សប្រជាជនកម្ពុជា ដោយជៀសវាងនូវការជឿ ពាក្យឃោសនាបោកប្រាស់ របស់គណបក្សនយោបាយមួយចំនួន ព្រមទាំងបន្តខិតខំកែលំអរ នូវចំណុចអសកម្មទាំងឡាយ ស្របតាមអភិក្រម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីបន្តថែរក្សាភាពដឹកមុខ របស់គណបក្សឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខជាបន្តទៀត៕