(ភ្នំពេញ)៖ អាចចាត់ទុកថាជាឱកាសល្អ សម្រាប់សិស្សនិស្សិត និងសាធារណជនទូទៅ ដែលមានបំណងចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលកំពុងត្រូវការជាចាំបាច់ នៅកម្លាំងជំនាញ ដោយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។
ឱកាសល្អនៅត្រង់ថា ក្នុងវេទិកាថ្នាក់ជាតិប្រចាំឆ្នាំនេះ នឹងផ្តល់ឱកាសឲ្យសិស្ស និស្សិត និងសាធារណជនទូទៅ មិនថាអ្នករត់ម៉ូតូឌុប រត់រម៉កកង់បីនោះទេ អាចទទួលបានអាហារូបករណ៍ ដោយឥតគិតថ្លៃ រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លី ឬវែង ដើម្បីទទួលបានការងារ ដែលកំពុងត្រូវការចាំបាច់នៅកម្ពុជា។
អនុប្រធាននាយកដ្ឋានព័ត៌មាន ទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ថង សាម៉ុន បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះថា វេទិកាថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺពិតជាមានតម្លៃសម្រាប់ សិស្ស និស្សិត និងសាធារណជនទូទៅ ព្រោះអាចស្វែងយល់អំពីជំនាញវិជ្ជាជីវៈ ដែលទីផ្សារកំពុងត្រូវការ ដោយអាចជួបជាមួយក្រុមហ៊ុនដែលត្រូវការកម្មករជំនាញ ជួបសាលាបណ្តុះបណ្តាលជំនាញ មានឱកាសយល់ដឹងពីការងារដែលកំពុងត្រូវការ។
លោកបានបន្តថា ក្នុងវេទិកាជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំឡើងរយៈពេល២ឆ្នាំមកហើយ គឺនៅឆ្នាំ២០១៥ និង២០១៦ ហើយសម្រាប់ឆ្នាំ២០១៧នេះ គឺជាលើកទី៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ឆ្លងកាត់បទពិសោធន៍រយៈពេល២ឆ្នាំកន្លងមកនេះ វេទិកាដ៏មានសារៈសំខាន់នេះ មានការគាំទ្រយ៉ាងខ្លាំង និងបានតំរែតម្រង់ទិស សិស្សនិស្សិតជាច្រើនរូប ឲ្យបានយល់ដឹងពីការសិក្សា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជាមួយនឹងការងារ ដែលកំពុងត្រូវការ។
លោកបានបញ្ជាក់ថា «សាធារណជន និងប្អូនៗសិស្សានុសិស្ស នឹងទទួលអត្ថប្រយោជន៍ ដ៏មានសារៈសំខាន់អំពីព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម ពីវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសជំនាញដែលកំពុងមានតម្រូវក្នុងទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ន និងអនាគត ដើម្បីជាមូលដ្ឋានគ្រឹះមួយក្នុងការសម្រេចចិត្តជ្រើសរើស ជំនាញមកសិក្សាឲ្យស្របតាមទីផ្សារការងារ»។
ជាមួយគ្នានេះ លោក ថង សាម៉ុន ក៏បានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជន អញ្ជើញចូលរួមឲ្យបានច្រើន កុះករក្នុងវេទិកាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងរៀបចំឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដើម្បីអាចស្វែងយល់កាន់តែច្បាស់ពីការសិក្សាជំនាញ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕