(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបង្ហាញលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។
គ.ជ.ប បានបង្ហាញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។
ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦នោះ គណបក្សប្រជាជនកម្ពុជាយកបាន ១,១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំទៀត បានទៅលើគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។
បើគិតជាអាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧។
សូមចុចលើគេហទំព័រខាងក្រោម ដើម្បីមើលលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ ទាំង២៥រាជធានី-ខេត្ត៖ https://www.necelect.org.kh/khmer/content/2196