(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេលពេញ១ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៧២លើក បណ្ដាលឲ្យមនុស្សស្លាប់១៣២នាក់ និងរបួសធ្ងន់៣០៥នាក់ និងរបួសស្រាល១១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍២៧២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២៨៤គ្រឿង រថយន្ដធុនតូចចំនួន១១៤គ្រឿង និងរថយន្តធំ៦៩គ្រឿង និងយានផ្សេងៗចំនួន២៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៩២លើក, ស្រវឹង២០លើក, ប្រជែង២៩លើក, មិនប្រកាន់ស្តាំ៤១លើក, បត់គ្រោះថ្នាក់២៨លើក, មិនគោរពសិទ្ធិ៥២លើក, កត្តាយានយន្ត៨លើក និងងងុយដេក២លើក។
ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ៤០លើកស្លាប់់១៦នាក់, កណ្តាល២៦លើកស្លាប់១៥នាក់, បាត់ដំបង១៧លើកស្លាប់១២នាក់, កំពង់ស្ពឺ១៤លើកស្លាប់១០នាក់, តាកែវ១១លើកស្លាប់៩នាក់, កំពង់ចាម១៤លើក ស្លាប់៩នាក់៕