(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ទុកសម្តីរបស់ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលហៅការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ឱ្យនៅក្រៅឃុំ ដោយសារអ្នកមានអំណាច ជាអ្នកចាត់ចែងនៅខាងក្រោយ និងជាចលនានយោបាយច្រើនជាងការអនុវត្តតាមច្បាប់ថា ជាការលាបពណ៌ លើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ។
អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់អង្គភាព Fresh News ថា «ការសម្រេចឃុំខ្លួន ការសម្រេចមិនឃុំខ្លួន ការសម្រេចអោយនៅក្រៅឃុំបណ្តោះអាសន្ន គឺជាអំណាចឯករាជ្យ របស់តុលាការក្នុងការអនុវត្តច្បាប់។ លោក អេង ឆៃអ៊ាង គួរស្វែងយល់ក្រមនីតិវិធីព្រហ្មទណ្ឌ ឲ្យបានច្បាស់មុននឹងនិយាយ កុំចេះតែនិយាយលាបពណ៌ លើការអនុវត្តច្បាប់ ដោយតុលាការ ដែលជាស្ថាប័នឯករាជ្យបែបនេះ»។
សូមបញ្ជាក់ថា លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះថា ការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ឱ្យនៅក្រៅឃុំ កាលពីម្សិលមិញនេះ គឺមានអ្នកមានអំណាចជាអ្នកចាត់ចែងនៅខាងក្រោយ ហើយលោកលើកឡើងថា វាជាចលនានយោបាយជំរុញច្រើនជាងការអនុវត្តតាមច្បាប់។
លោកបញ្ជាក់ថា ការដោះលែងនេះ នឹងជំរុញឱ្យស្ថានការណ៍ នយោបាយមានលក្ខណៈធូស្រាលជាងមុន ដោយសារតែការឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិល និងគ.ជ.ប ធ្វើឡើងស្របពេលដែល គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មានការប្រឈមដាក់គ្នាផ្នែកនយោបាយ។
សូមជំរាបថា មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្ស៊ី ត្រូវបានដោះលែងចេញពីពន្ទនាគារហើយ នាព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
មន្រ្តីអាដហុក ៤នាក់ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ចាងហ្វាងការផ្សាយនៃព្រឹត្តិបត្រ «អ្នកជា» របស់សមាគមអាដហុក, លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបញ្ជាក់ឱ្យដឹងថា ករណីនេះគឺជាការសម្រេចឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ប៉ុណ្ណោះ ចំណែកនីតិវិធីរបស់តុលាការ នឹងនៅតែបន្តដដែល។ លោកបានបញ្ជាក់ថា សំណុំរឿងរបស់ មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ នឹងត្រូវបើកសវនាការ ជំនុំជម្រះ នៅពេលឆាប់ៗនេះ បើទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក៏ដោយ។
បើតាមច្បាប់ការសម្រេចឲ្យនៅក្រៅឃុំនេះជនជាប់ចោទទាំងអស់ ត្រូវបានដាក់លក្ខខណ្ឌចំនួន៣ ក្នុងនោះគឺ មិនឲ្យចេញក្រៅប្រទេស ដោយគ្មានការអនុញ្ញាត ពីតុលាការ មិនឲ្យផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីតុលាការ និងត្រូវចូលខ្លួននៅពេលតុលាការកោះហៅម្តងៗ។
ទាក់ទឹងនឹងការដោះលែងនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះ ការអនុញ្ញាតឱ្យមន្រ្តីអង្គការអាដហុក និងគ.ជ.ប ទាំង៥នាក់ នៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ។ ស្ថានទូតបានចាត់ទុកថា ការសម្រេចនេះ នឹងកាត់បន្ថយបន្ទុកទៅលើពួកគាត់៕