(ភ្នំពេញ)៖ បុរសអនិកជនខ្មែរអាមេរិកម្នាក់ បានជិះយន្ដហោះពីអាមេរិកដើម្បីមើលឪពុកឈឺ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននោះ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ រួចរាល់ហើយ ពីបទ «ឆបោក»។ ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងក្រោយការសាកសួរលោក រៀល សុភិន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ។
បុរសអានិកជនម្នាក់នេះ ត្រូវបានជនរងគ្រោះ ដែលជាពលករខ្មែរ មានបំណងទៅធ្វើការនៅប្រទេសអូស្រ្តាលី ជាង១០នាក់ ដាក់ពាក្យប្តឹងរូបគេ ដោយសារតែចាញ់បោកលុយ រាប់ម៉ឺនដុល្លារ រឿងបោកប្រាស់នាំទៅធ្វើការនៅអូស្រ្តាលី តែមិនបានសម្រេច។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា បុរសរូបនេះឈ្មោះ Vorn yen viliam ត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន ពាក់ពន្ធពីបទ ឆបោកប្រាក់ជ្រើសរើសពលករទៅប្រទេសអូស្ត្រាលី ហើយការឃាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងហាងកាហ្វេ park coffee ក្បែរផ្សារសុវណ្ណា បន្ទាប់ពីបុរសនេះ ទើបជិះយន្តហោះពីសហរដ្ឋអាមេរិក ដើម្បីមកមើលឪពុកកំពុងឈឺធ្ងន់សម្រាកក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត។
បុរសខាងលើនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៥ បានធ្វើជាមេខ្យល់ជ្រើសរើសពលករថា នាំទៅធ្វើការនៅប្រទេសអូស្ត្រាលី ពេលនោះមានមនុស្សជាច្រើននាក់ បានទៅចុះឈ្មោះ ប៉ុន្តែមិនទាន់បានបង់ប្រាក់ទេមានតែមនុស្សប្រមាណជាង១០នាក់ បានយកប្រាក់ទៅបង់ឲ្យក្នុងម្នាក់ៗ៣,០០០ ទៅ៦,០០០ដុល្លារ។ ក្រោយពីទទួលយកប្រាក់ពីអតិថិជនដែលបង់ ស្រាប់តែជនសង្ស័យបានរត់គេចខ្លួនមិនដឹងទៅរស់នៅទីណា៕