(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បន្ដផ្ដល់ថវិកាជាជំនួយឥតសំណង ចំនួន២៧៩,០៣៨ដុល្លារ​ ដល់អង្គការសមាគមន៍សម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន ហៅកាត់ថា AAR ដំណាក់កាលទី៣ សម្រាប់លើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារក្នុងខេត្តកណ្ដាល។

ការផ្ដល់ជំនួយនេះ​ ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលធ្វើឡើងដោយ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី សូណូដា តូម៉ូកូ នាយិកាការិយាល័យភ្នំពេញ នៃអង្គការ ARR ជប៉ុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា គម្រោងនេះ នឹងជួយកែលម្អបរិស្ថានអប់រំសម្រាប់កុមារពិការ ដើម្បីរួមចំណែកបង្កើនអត្រាចូលរៀនរបស់កុមារពិការ នៅសាលាបឋមសិក្សាចំនួន៤ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងដើម្បីឲ្យកុមារទាំងអស់អាចរៀនជាមួយគ្នាដោយគ្មានការរើសអើង។

ឯកអគ្គរាជទូតរូបនេះ បន្ថែមថា ជាក់ស្ដែង​អង្គការ AAR នឹងលុបបំបាត់ឧបសគ្គនានា ក្នុងការបំលាស់ទីក្នុងបរិវេណសាលារៀន និងបណ្ដុះបណ្ដាលដល់គ្រូបង្រៀន និងសហគមន៍ផងដែរ។

ជាមួយគ្នានោះ លោកស្រី សូណូដា តូម៉ូកូ​ បានលើកឡើងថា គម្រោងការអប់រំបញ្ចូលគ្នាមានគោលបំណង ដើម្បីផ្ដល់ឱកាសក្នុងការអប់រំសម្រាប់ទាំងអស់គ្នា ដោយមិនគិតពីពិការភាពតាមរយៈការកែលម្អប្រព័ន្ធអប់រំ ឬបរិយាកាសសិក្សា ដើម្បីធ្វើយ៉ាងណាឲ្យសាលារៀន និងបុគ្គលិកអប់រំអាចបំពេញតម្រូវការរបស់កុមារម្នាក់ៗ។

​លោកស្រី ​បានឲ្យដឹងថា អង្គការ AAR ជប៉ុន បាននិងកំពុងប្រើវិធីសាស្ដ្រគ្រប់ជ្រុងជ្រោយតាមរយៈការអនុវត្តសកម្មភាពជាច្រើនដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនមានឧបសគ្គសម្រាប់កុមារពិការ, ការបណ្ដុះបណ្ដាលគ្រូបង្រៀន, ការស្រាវជ្រាវ និងផ្ដល់ការគាំទ្រចាំបាច់សម្រាប់កុមារពិការ និងសកម្មភាពលើកកម្ពស់ការយល់ដឹងស្ដីពីពិការ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជាដើម។

សូមជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន៕