(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បាននិយាយថា ការព្រមានរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ លើរបបដឹកនាំស៊ីរី មិនឱ្យប្រើប្រាស់អាវុធគីមីសាជាថ្មី គឺជារឿងប្រាដកប្រជា។ ការលើកឡើងបែបនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី ចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានព្រមានប្អូនពៅរបស់ខ្លួនគឺប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ថានឹងត្រូវតបស្នងនូវតម្លៃមួយយ៉ាងធំសម្រាប់ការប្រើប្រាស់អាវុធគីមីសាជាថ្មី។ ព្រមពេលជាមួយគ្នានោះដែរ ទីក្រុងមូស្គូ ក៏បានចា្រនចោលការអះអាងរបស់សេតវិមានថា របបស៊ីរីកំពុងត្រៀមប្រើបា្រស់អាវុធគីមី គឺជារឿងមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃចន្ទ កន្លងទៅ អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានអះអាងថា រដ្ឋាភិបាលស៊ីរី ទំនងជាកំពុងរៀបចំការវាយប្រហារដោយអាវុធគីមីសាជាថ្មី ហើយថារបបស៊ីរី នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយសាកសម បើសិនជាហ៊ានប្រើប្រាស់អាវុធគីមី បន្ទាប់ពីការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសា បានផ្តាច់យកអាយុជីវិតប្រជាជន ស៊ីវិលស្លូតត្រង់យ៉ាងតិច៧០នាក់ រួមមានទាំងកុមារតូចៗផងដែរ។ មួយវិញទៀត ទង្វើនេះបានជម្រុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាឲ្យកងនាវាចម្បាំង អាមេរិកបាញ់មីស៊ីលចំនួន៥៩គ្រាប់ស្រោចទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែង ក្នុងប្រទេសស៊ីរី បើទោះបីជារដ្ឋាភិបាលលោក អាស្សាដ បានបដិសេធថាមិនបានបើកការវាយ ប្រហារដោយអាវុធគីមីក៏ដោយ។

ចំណែកឯ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានចាត់ទុកថា ការព្រមាននេះគឺជារឿងមិនអាច ទទួលយកបាន។ ដោយឡែក ទាក់ទិននឹងបញ្ហានេះដែរ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុនពេលជិះយន្ដហោះទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអង្គការណាតូ ក្នុងទីក្រុងព្រុចសែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថាអ្វីដែលលោកប្រធានាធិបតី (លោក ដូណាល់ ត្រាំ) និយាយពីការត្រៀមខ្លួនប្រើប្រាស់អាវុធគីមី ជាថ្មីនៅស៊ីរី គឺវាជារឿងប្រាកដប្រជា។ យើងពិតជាយកចិត្តទុកដាក់ យ៉ាងខ្លំាងចំពោះបញ្ហានេះ ហើយគាត់ចង់ទប់ស្កាត់វាមិនឱ្យកើតឡើងជាថ្មី»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ សហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចបាញ់មីស៊ីល ជិត៦០គ្រាប់ទៅ លើមូលដ្ឋានទ័ពស៊ីរី ជាលើកដំបូងនៅក្នុងអំឡុងសង្រ្គាមស៊ីវិលរយៈ០៦ឆ្នាំ នៅប្រទេសស៊ីរី ហើយវាក៏បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោននិងរុស្ស៊ី រួមទាំងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់ លោក អាស្សាដផងដែរ៕