(ពោធិ៍សាត់)៖ ឈើគ្រញូងចំនួន១២០ដុំ ស្មើនឹងជាងតោន ដែលកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគ៥ ក្នុងខេត្តពោធិ៍សាត់ បង្ក្រាបបាននៅស្រុកវាលវែងនោះ ពេលនេះឈើគ្រញូងទាំងត្រូវបានកម្លាំងយោធា សហការជាមួយអាជ្ញាធរឃុំថ្មដាដុតបំផ្លាញចោល។
យោងតាមកំណត់ហេតុរបស់សាលាឃុំថ្មដា បានបញ្ជាក់ថា ការដុតបំផ្លាញឈើខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំពីលោក ព្រំ ង៉ុន មេឃុំថ្មដា និងក្រុមមន្ដ្រីយោធាវរៈព្រំដែនលេខ៥០១ ដោយមានការឯកភាពពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងអភិបាលខេត្តពោធិ៍សាត់។
ប៉ុន្ដែសកម្មភាពដុតបំផ្លាញឈើចោលនេះ ត្រូវបានពលរដ្ឋមជ្ឈមដ្ឋានទូទៅហាក់កំពុងដាក់ចម្ងល់ថា ហេតុអ្វីបានជាកម្លាំងយោធានាំគ្នា និងមេឃុំ ដុតបំផ្លាញចោលឈើគ្រញូងទាំងនេះ? ព្រោះថារាល់ដងក្រោយពេលសមត្ថកិច្ចបង្ក្រាបបាន ករណីឈើខុសច្បាប់នោះ គេតែងតែឃើញសមត្ថកិច្ចយកទៅរក្សាទុក ហើយកសាងសំណុំរឿងចាត់បញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធី។
សូមជម្រាបថា កម្លាំងនៃយោធាភូមិភាគទី៥ បានបង្ក្រាបឈើគ្រញូងនេះ ទាំងកណ្តាលអាធ្រាត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខណៈកំពុងដឹកជញ្ជូនបម្រុងលោតឆ័ត្រ នាំចេញទៅក្រៅប្រទេស នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ចំណុចចំការកៅស៊ូលោកតា៥០១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
មន្រ្តីយោធារបស់វរៈការពារព្រំដែនលេខ៥០១ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងបានឃាត់រថយន្តកែច្នៃ១គ្រឿង បើកបរដោយឈ្មោះ រ័ត្ន ធឿក ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទុកឈើក្រញ៉ូង១២០ដុំ ស្មើនឹង២,២៤៨គីឡូក្រាម៕