(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់។

លោក ជួន ជីវិន ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានសិក្ខាកាមវគ្គខ្លីនៃក្រសួងអប់រំ យុវជន និងកីឡា និងកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់-មធ្យមឆ្នាំ២០១៧។

ក្រៅពីការប្រគល់វិញ្ញាបនបត្រហើយនោះ សម្តេចតេជោ ក៏នឹងត្រូវបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០១៧ របស់សាលាភូមិន្ទរដ្ឋបាលផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ជួន ជីវិន។

ការប្រគល់វិញ្ញាបនបត្រនៅថ្ងៃស្អែកនេះ គឺជាការប្រគល់វិញ្ញាបនបត្រលើកទី២០ហើយ សម្រាប់សាលាភូមិន្ទរដ្ឋបាល ហើយពិធីនេះតែងតែត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។

គ្រប់ពេលអញ្ជើញប្រគល់វិញ្ញាបនបត្រនោះ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរនោះ តែងតែបានដាស់តឿន និងក្រើនរំលឹកទៅដល់សិស្ស និងសិក្ខាកាមទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងសមត្ថភាពបម្រើជាតិ និងប្រជាពលរដ្ឋ។ ក្នុងឱកាសនៃការប្រគល់វិញ្ញាបនបត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះមករកការ រីកចម្រើនដូចពេលបច្ចុប្បន្ន ក៏តែងតែបានចែករំលែកនូវបទពិសោធន៍ការងារជាច្រើន ដើម្បីជាទុនដល់សិស្ស និងសិក្ខាកាម សម្រាប់យកទៅបម្រើការងារ។

បើតាមលោក ជួន ជីវិន មានសិស្សដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាលចេញទៅបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋមានចំនួន ៦,១០៣នាក់ ក្នុងនោះស្រ្តីមាន ៨១១នាក់។ សិស្សដែលបានបញ្ចប់ការសិក្សានេះរួមមាន៖ សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីមធ្យម សិស្សមន្រ្តីក្រមការ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមធ្យម និងសិក្ខាកាម៕