(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅភូមិក្រគរ បាននាំគ្នាយករថយន្ដជាច្រើនគ្រឿង បិទមុខទីតាំងបូមខ្សាច់គ្រូសរបស់ លោក រស់ ចិន្ដា ដែលមានទីតាំងក្នុងដីឡូរបស់មន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ តាំងពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីសុំឲ្យអាជ្ញាធរបិទ ទីតាំងអាជីវកម្មបូមខ្សាច់ខាងលើ ព្រោះការបូមខ្សាច់នេះ ធ្វើឲ្យបាក់ច្រាំងទន្លេ គំរាមកំហែងដល់ផ្ទះសម្បែងរបស់ពលរដ្ឋ និងខូចខាតផ្លូវសាធារណៈតាមមាត់ទន្លេ។
ពលរដ្ឋបានអ្នកចូលរួមតវ៉ា បានឲ្យដឹងថា ពួកគាត់នាំគ្នាបិទផ្លូវនេះ ដើម្បីឲ្យអាជ្ញាធររកដំណោះស្រាយជូនពួកគាត់ ទើបគាត់ព្រមយករថយន្ដចេញ ព្រោះថាទីតាំងបូមខ្សាច់នេះ បណ្ដាលឲ្យបាក់ច្រាំងទន្លេ និងអាចនឹងបាក់ផ្ទះរបស់ពួកគាត់នៅពេលអនាគត បើអាជ្ញាធរមិនព្រមដោះស្រាយជូនពួកគាត់ទេ នោះមិនត្រឹមតែបាក់ច្រាំងទន្លេតែប៉ណ្ណោះទេ ថែមទាំងធ្វើឲ្យខូចផ្លូវក្នុងភូមិរបស់គាត់ទៀត។
ពលរដ្ឋដដែលបានបន្តថា ពួកគាត់បានដាក់បណ្ដឹងជូនអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធឲ្យជួយរកដំណោះស្រាយជូនពួកគាត់ ជាយូមកហើយ ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរ មិនបានលទ្ធផលទាល់តែសោះ ទើបពួកគាត់លើកគ្នាយករថយន្ដដាក់បាំងផ្លូវ មិនឲ្យឡានដឹកខ្សាច់ចេញពីទីតាំងរបស់លោក រស់ ចិន្ដា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានឲ្យដឹងថា លោកបានបញ្ជាឲ្យលោកចៅសង្កាត់ ចុះទៅសម្របសម្រួលជាមួយ ប្រជាពលរដ្ឋហើយ។
លោកអភិបាលក្រុង បន្ដទៀតថា កន្លងមក លោកធ្លាប់បានទទួលបណ្ដឹងពលរដ្ឋ ហើយលោកបានប្រជុំជាមួយថ្នាក់ខេត្តយល់ស្របចុះទៅត្រួតពនិត្យមើលទីតាំងបូមខ្សាច់នោះ និងបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំងនោះ ឲ្យបិទទីនោះ តែដោយសារទីតាំងនោះ លោក រស់ ចិន្ដា បានជួលដីរបស់មន្ទីសាធារណការខេត្តក្រចេះ មិនទាន់ចប់កិច្ចសន្សា ទើបម្ចាស់អាជីវកម្មនៅតែបន្តបូម តែទោះយ៉ាងក៏ដោយ នៅថ្ងៃស្អែក លោកនឹងប្រជុំពិភាក្សាបិទអាជីវកម្មបូមខ្សាច់នោះតែម្ដង៕