(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនបក្ខពួកក្រុមចោរប្លន់ម្នាក់ ខណៈ២នាក់ទៀតកំពុងបន្តសួរនាំ យកចម្លើយ ក្រោយពីកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការបង្ក្រាបបាន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលក្រុមចោរទាំងនេះ តែងតែធ្វើសកម្មភាពប្រើដាវកាប់ វាយប្លន់យ៉ាងកក្រើក នៅរាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ក្រុមចោរប្លន់ទាំង៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ខាងលើនេះដែរ ត្រូវបានកម្លាំងគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បើកការស៉ើបអង្កេតតាំងពីថ្ងៃទី១៨ រហូតមកដល់ថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៧ «ពោលរយះពេលមួយអាទិត្យ» ទើបបង្ក្រាបបាន និងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ក្រុមជនសង្ស័យជាបក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា បន្ទាប់ពីកើតមានករណីប្លន់ម៉ូតូ១គ្រឿងម៉ាក Suzuki Let's ពណ៍ស លាយក្រហម របស់ជនរងគ្រោះ២នាក់ ដែលជិះចេញពីធ្វើការនៅម្ដុំទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ដោយធ្វើដំណើរសំដៅទៅផ្ទះ ក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែមកដល់ចំណុច ទល់មុខមន្ទីរសម្រាកព្យាបាល ICU ផ្ទះលេខ០៥ ផ្លូវ៤០២ ក្រុម៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៍ឃើញលេចមុខក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿង មានបក្ខពួក៦ និងមានកាន់ដាវ១ដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដួល រួចក្រុមជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក បានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។
មន្ត្រីនគរបាលដដែល បានបញ្ជាក់ទៀតថា ក្រោយកើតករណីប្លន់ម៉ូតូនេះ និងមុនឈានដល់ការបង្ក្រាប ក្រុមចោរប្លន់យ៉ាងសកម្មទាំង៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ គឺស្ថិតក្រោមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ហើយក៍មានកិច្ចសហប្រតិបត្តិការ ពីកម្លាំងនគរបាលតាមបណ្ដាខណ្ឌផងដែរ ដោយជុំហ៊ានដំបូងបានបើកការបង្ក្រាប លើជនសង្ស័យឈ្មោះ សុវណ្ណ ត្រេន ហៅត្រេន អាយុ២២ឆ្នាំ ឃាត់ខ្លួនបាននៅខាងមុខក្លោងទ្វារ វត្តសំរោងអណ្ដែត ក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក ហើយក៍បន្តសាកសួរយកចម្លើយតាមជុំនាញ និងបានពីតម្រុយខ្លះៗ រហូតមកដល់ថ្ងៃ២៣ ខែមិថុនា កម្លាំងនគរបាលបើកប្រត្តបត្តិការជាលើកទី២ ហើយអាចឈានទៅដល់ការបង្ក្រាប ជនសង្ស័យដែលជាបក្ខពួកបន្ថែម បាន២នាក់ទៀតឈ្មោះ គឹម រតនៈ ហៅយួន អាយុ១៩ឆ្នាំ ដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ហើយនិងម្នាក់ទៀតឈ្មោះ តេង ចាន់ធឿន ហៅធឿន អាយុ១៩ឆ្នាំ ឃាត់ខ្លួនបាននៅចំណុចផ្ទះលេខ១២ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ។
សូមបញ្ជាក់ថា បើទោះបីជា ក្រុមបក្ខពួកចោរប្លន់៣នាក់ កំពុងរត់គេចខ្លួនក៍ពិតមែន ប៉ុន្តែបក្ខពួកចោរ៣នាក់ទៀត ដែលកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បង្ក្រាបបាន ក្នុងនោះមានម្នាក់ឈ្មោះ សុវណ្ណ ត្រេន ហៅត្រេន ត្រូវបានលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីបង្គាប់ឲ្យឃុំខ្លួនហើយ កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ខណៈបក្ខពួក២នាក់ទៀតកំពុងបន្តនិតិវិធី៕