(ភ្នំពេញ)៖ អ្នកជំនាញវិស័យអចលនទ្រព្យល្បីៗរបស់កម្ពុជា៣រូប រួមមាន លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានបញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនវត្ថុ ក្នុងកំឡុងពេលបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដឆ្នាំ២០១៨ នៅឆ្នាំក្រោយនេះ។
លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០១៧ថា នៅក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រ ឆ្នាំ២០១៨ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែដំណើរទៅមុខយ៉ាងរលូន នឹងមិនមានបញ្ហាអ្វីនោះឡើយ ដោយសារតែអ្នកនយោបាយកម្ពុជា កាន់មានភាពចាស់ទុំ ហើយប្រជាពលរដ្ឋមានការយល់ច្រើនជាងពេលមុនៗផងដែរ។
លោកឧកញ៉ា លី ហួរ បានថ្លែងថា «ចំពោះការបោះឆ្នោត សព្វថ្ងៃគណបក្សនយោបាយ មានភាពចាស់ទុំ ប្រជាពលរដ្ឋយល់ពីស្ថានភាពពិត មិនដូចកាលពីមុនៗនោះឡើយ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថានភាពឃោសនា មានភាពល្អប្រសើរទាំងអស់ ពុំមានបញ្ហាអីកើតឡើងនោះទេ ដូច្នេះប្រជាជនកាន់តែយល់ គណបក្សកាន់តែចាស់ទុំអត់មានបញ្ហា អត់បារម្ភពីរឿងអចលនទ្រព្យនោះឡើយ សម្រាប់ឆ្នាំក្រោយវិស័យអចលនទ្រព្យ នឹងដើរទៅដោយរលូន»។
ចំពោះលោក គីម ហ៊ាង បានថ្លែងផ្ទុយពីនេះថា «ខ្ញុំមើលឃើញថា ពេលដែលប្រទេសកម្ពុជា មានការបោះឆ្នោត ប្រាកដជាមានបញ្ហាប្រឈម។ មិនថាប្រទេសណាក៏ដោយ នៅពេលបោះឆ្នោត គឺមានភាពជ្រួលច្របល់ខាងផ្នែកនយោបាយ ហើយស្ថានភាពពិភពលោកសព្វថ្ងៃនេះ គឺនយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ច មិនមែនតែនៅកម្ពុជាទេ នៅសហរដ្ឋអាមេរិក, សាំងហ្គាលពួល, អឺរ៉ុបក៏នយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ចដែរ ប្រសិនបើអ្នកនយោបាយកាច់ទៅឆ្វេង សេដ្ឋកិច្ចនឹងដើរទៅឆ្វេង កាច់ទៅស្ដាំ សេដ្ឋកិច្ចនឹងទៅស្ដាំ ហើយបើអ្នកយោបាយឈរនៅមួយកន្លែង នោះសេដ្ឋកិច្ចនឹងឈរនៅមួយកន្លែងដែរ»។
លោកបានបញ្ជាក់ទៀតថា «ដូច្នេះនៅពេលជិតបោះឆ្នោត ខ្ញុំគិតថានឹងមានការប៉ះពាល់ តែប៉ះពាល់កម្រិតណា គឺអាស្រ័យទៅលើស្ថានភាពនយោបាយ។ ខ្ញុំអាចនិយាយថា ស្ថានភាពនយោបាយកំពុងល្អ ដូច្នេះមានន័យថា សេដ្ឋកិច្ចល្អប្រសើរ ដីធ្លីដំណើរការ ប៉ុន្ដែប្រសិនបើនយោបាយមានការផ្លាស់ប្ដូរ ក្នុងផ្លូវវិជ្ជមាន សេដ្ឋកិច្ចកាន់តែប្រសើរ ដីធ្លីកាន់តែល្អ តែបើផ្លាស់ប្ដូរក្នុងផ្លូវអវិជ្ជមាន
សេដ្ឋកិច្ចធ្លាក់ចុះ ដីធ្លីនឹងធ្លាក់ដោយស្វ័យប្រវត្តិ អ្វីដែលកំណត់នៃការរីកចំរើននៃសេដ្ឋកិច្ចជាតិ គឺកត្តានយោបាយ»។
ជាមួយគ្នានោះលោក ចេង ខេង ក៏ធ្លាប់បានបង្ហាញពីជំហររឹងមាំមួយ លើវិស័យដីធ្លីនៅកម្ពុជាថា មិនមានហានិភ័យណាមួយកើត
ឡើងឡើយ បើទោះបីជាការបោះឆ្នោតខិតជិត ចូលមកដល់ក៏ដោយ។
លោកថា «ចំពោះខ្ញុំជឿជាក់ថា មិនមានបញ្ហាប៉ះពាល់រឿងបោះឆ្នោតនោះឡើយ ដោយសារតែការបោះឆ្នោតនេះ មិនមែនជាលើកទី១ ឬទី២នោះទេសម្រាប់កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ មិនថានយោបាយ ឬវិស័យដីធ្លី សំខាន់ឲ្យតែយើងធ្វើអ្វីទៅតាមជំនាញនីមួយៗ គឺមិនមានអីគួរឲ្យព្រួយបារម្ភ ឬភ័យខ្លាចឡើយ ចំពោះវិស័យអចលនទ្រព្យ»៕
លោកឧកញ៉ា លី ហួរ
លោកឧកញ៉ា ចេង ខេង
លោក គីម ហ៊ាង