(ភ្នំពេញ)៖ សាលាអន្ដរជាតិ Learning Jungle នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ដល់សិស្សានុសិស្សថ្នាក់មេត្ដយសិក្សា និងអបអរសាទរបុណ្យជាតិកាណាដា លើកទី១៥០ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ។
កម្មវិធីនោះ មានការអញ្ជើញចូលរួម ពីលោក ហ្វ្រង់ស៊ីស ហួត ប្រធានការិយាល័យ និងអគ្គកុលស៊ុល របស់ស្ថានទូតកាណដា ប្រចាំកម្ពុជា, លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាអន្ដរជាតិ Learning Jungle លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សផងដែរ។
ក្នុងកម្មវីធីនោះ ក៏មានការសម្ដែងយ៉ាងអស្ចារ្យពីប្អូនៗសិស្សានុសិស្ស ដែលមានទាំងសមត្ថភាពភាសា ការអប់រំ និងភាពរហ័ស ដោយភាពវ័យឆ្លាត ពិសេសការសម្ដែងជាមួយនឹងច្រៀងចម្រៀង ខ្មែរ និងបរទេសបានយ៉ាងល្អឥតខ្ចោះផងដែរ ដែលធ្វើឲ្យមាតាបិតា សិស្សិ ញញឹមរំភើប បិទមាត់មិនជិតនោះឡើយ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញបុត្រធីតាគាត់ ពោរពេញដោយភាពក្លាហាន រឹងមាំ ប្រកបដោយចំណេះវិជ្ជា។
ក្នុងឱកាសនោះ លោកស្រីគឹម សេដ្ឋានី បានថ្លែងថា ការអប់រំបុត្រធីតាលោកអ្នក ឲ្យទទួលបានអនាគតល្អ ចំាបាច់ណាស់គឺចាប់ផ្ដើមតាំងពីកុមារមក ឲ្យគាត់យល់ពីផ្នត់គំនិត នៅក្នុងការគិតគូរដល់អ្នកដទៃ, បរិបទនៃសង្គម ប្រទេសជាតិ និងពិភពលោកទាំងមូល រួមទាំងចំណេះដឹងមូលដ្ឋាន ពិសេស អាណាព្យាបាលសិស្សនិស្សិត បានដើរតួនាទីដ៏សំខាន់ដូចជានៅសាលារៀនដែល ដើម្បីជួយគាំទ្រ និងស្វែងស្វែងរកឲ្យឃើញនូវទេព្យកោសល្យ របស់បុត្រធីតាលោកអ្នក ហើយបង្កើតគាត់ឲ្យមានក្ដីស្រមៃ និងជួយកសាងបរិយាកាសឲ្យគាត់ អាចឈានទៅរកក្ដីស្រមៃ ឬសុបិន្ដរបស់គាត់នោះ ឲ្យទទួលបានជោគជ័យ។ ជាក់ស្ដែង ដូចសាលាអន្ដរជាតិ Learning Jungle ដែលមានទាំងគុណភាពស្ដង់ដារអន្ដរជាតិ គ្រប់មុខវិជ្ជាហើយ ថែមទាំងឲ្យសិស្សសាលាចូលរួមការងារសង្គមផងដែរ កាលពីកន្លងទៅ គឺការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសកម្មភាពសង្គមផ្សេងៗទៀត។
សាលាអន្ដរជាតិ Learning Jungle ជាសាលាទទួលបានហ្រ្វេនឆាយ ពីប្រទេសកាណាដាតែមួយគត់នៅកម្ពុជា ហើយសញ្ញាបត្រចេញពី Learning Jungle ត្រូវាបានទទួលស្គាល់ពីសាលា Learning Jungle នៅកាណាដា និងក្រសួងអប់់រំ យុវជន និងកីឡា នៅកម្ពុជា ។ ដោយសិក្សាតាមកម្មវិធីសិក្សារបស់ខេត្ដអង់តារីយូ ដែលផ្ដោតសំខាន់ទៅលើការបណ្ដុះចំណាប់អារម្មណ៍ ឲ្យកុមារចូលចិត្ដការរៀន ជាលក្ខណៈធម្មជាតិ តាមរយៈការលេងបែបអប់រំ ការអនុវត្ដន៍ផ្ទាល់ តាមរយៈការសម្ដែងសិល្បៈតន្ដ្រី ការហែលទឹក ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ កីឡា ដោយផ្ដល់នូវការអប់រំកម្រិតស្ដង់ដារអន្ដរជាតិពិតប្រាកដជូនដល់សិស្សកម្ពុជា ព្រមទាំងបញ្ជូលកម្មវិធីសិក្សាភាសាខ្មែរ ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំយុវជននិងកីឡា ពិសេស សាលា នឹងចាប់ដៃគូជាមួយនឹងសាលាអន្ដរជាតិល្បីៗនៅក្រៅប្រទេស សម្រាប់ឲ្យសិស្សានុសិស្ស មានឱកាសទៅសិក្សានៅបរទេសផងដែរ៕