(ពោធិ៍សាត់)៖ លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់សិក្ខាកាម ជាមន្ត្រីព័ត៌មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ នៅពេលត្រឡប់ទៅវិញ គប្បីពាំនាំនូវចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្នុងវិស័យព័ត៌មាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ ទៅអនុវត្តជាក់ស្តែងតាមរយៈការផលិតកម្មវិធីអប់រំខ្លីៗ បង្ហាញពីស្ថានភាព សិទ្ធិកុមារកម្ពុជាទូទៅ និងបញ្ចូលខ្លឹមសារអប់រំបឋម ដល់មាតាបិតាអាណាព្យាបាល និងអ្នកពាក់ព័ន្ធស្របតាមពាក្យស្លោក «កុមារល្អ យុវជនល្អ និងពលរដ្ឋល្អ»។

ការជំរុញរបស់ថ្នាក់ដឹកនាំទាំង២ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្នុងវិស័យព័ត៌មាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីបានដំណើរការអស់រយៈពេល៥ថ្ងៃកន្លងមក ដែលរៀបចំដោយក្រុមការងារ សម្របសម្រួលបច្ចេកទេសកុមារតូច នៃក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងឧបត្ថម្ភដោយថវិកាជាតិ។

លោកស្រី ប្រាក់ អេលីរតនា ប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច នៃក្រសួងព័ត៌មាន បានវាយតម្លៃលទ្ធផលសិក្ខាសាលា លើកទី៣ ជំនាន់ទី១ នៅខេត្តពោធិ៍សាត់ អ្នកចូលរួម១០០នាក់ ក្នុងនោះស្រី៥៣នាក់ មកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ជាម្ចាស់ផ្ទះ។ មុនពេលសិក្សាសិក្ខាកាមយល់ដឹងបាន២៥ភាគរយ ក្រោយពីបញ្ចប់ទទួលបានការយល់ដឹង ៧០ភាគរយ និងមធ្យម៣០ភាគរយ អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផលិតឯកសារ និងយកទៅផ្សព្វផ្សាយតាមបណ្តាខេត្តរបស់ខ្លួន។

បន្ទាប់ពីលោក ម៉ៅ ធនិន បានជម្រាបជូនអំពីសក្តានុពល ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងខេត្តរួចមក លោក ថាច់ ផែន បានថ្លែងនៅក្នុងពិធីបិទសិក្ខាសាលានោះថា គោលនយោបាយជាតិ និងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៤ ដល់២០១៨ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការ ដែលមានរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងតំណាងក្រសួងព័ត៌មានជាសមាជិកា។

ភារកិច្ចចម្បង គឺការផ្សព្វផ្សាយ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យបានទូលំទូលាយ ដល់គ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសដល់មាតាបិតា និងអាណាព្យាបាល ដើម្បីទទួលបានចំណេះដឹងគ្រប់គ្រាន់ អំពីកម្មវិធីគាំពារ និងអភិវឌ្ឍកុមារ រាប់ទាំងពីសេវា ថែទាំ អប់រំ សុខភាព និងអាហាររូបត្ថម្ភគ្រប់គ្រាន់ និងត្រៀមលក្ខណៈចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ គោលបំណងសំខាន់នៃសិក្ខាសាលា គឺផ្តល់ការយល់ដឹងមន្ត្រីព័ត៌មាន ដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ អំពីចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូច ក្នុងការធានាឲ្យកុមារទាំងអស់ ចាប់កំណើត រហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវតែទទួលបានសេវាគាំពារ អភិរក្ស និងអភិវឌ្ឍ។

លោក ម៉ៅ ធនិន បានលើកឡើងទៀតថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៨ បានចែងថារដ្ឋធានារក្សាការពារ សិទ្ធិកុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារតូច គឺសិទ្ធិមានជីវិតរស់នៅ, សិទ្ធិទទួលការអប់រំរៀនសូត្រ, សិទ្ធិទទួលបានការគាំពារ ក្នុងស្ថានភាពមានសង្គ្រាម, និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬកាមគុណលើកុមារ ប្រឆាំងនឹងការងារ ​ទាំងឡាយណា ដែលអាចធ្វើឲ្យខូចបាត់បង់ការសិក្សារៀនសូត្រ និងនាំឲ្យអន្តរាយបញ្ហាសុខភាព និងសុខុមាលភាពរបស់កុមារ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃនេះ សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន និងមានសំណួរ ចម្លើយ ការធ្វើលំហាត់តាមក្រុម និងការលេងល្បែងថាមពល ក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីយ៉ាងល្អ ហើយនៅពេលបញ្ចប់វគ្គ មានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមទាំង១០០នាក់ផងដែរ៕