(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ គេឃើញថា តម្លៃម្រេចហាក់ធ្លាក់ថ្លៃចុះជាខ្លាំង ដែលធ្វើឲ្យប្រជាកសិករវិលមុខ ឈឺក្បាល និងភ័យព្រួយជាពន់ពេក ចំពោះតម្លៃទីផ្សារសព្វថ្ងៃនេះ ព្រោះវាជាហេតុផលដែលអាចបណ្ដាលឲ្យមុខរបរនេះដួលរលំ ព្រមទាំងជំពាក់បំណុលធនាគារវ័ណ្ឌ-ក ថែមទៀត។

ការធ្លាក់ថ្លៃនេះចាប់ធ្លាក់ពីជាង៣ម៉ឺនរៀល មកត្រឹមតែ១ម៉ឺនជាងតែប៉ុណ្ណោះ ដែលធ្វើប្រជាកសិករជួបប្រទះនៅផលលំបាក ជាច្រើន​យ៉ាងរួមមានការមិន​មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃ ទៅដល់ធនាគារ មីក្រូហិរញ្ញវត្ថុ និងការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

លោក លោក សាំង ថន ប្រជាកសិករដាំម្រេច នៅខេត្តត្បូងឃ្មុំបានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៧នេះថា «ខ្ញុំព្រួយបារម្ភជាខ្លាំង ព្រោះការរកស៊ីមុខរបរនេះគឺសំខាន់ទៅលើតម្លៃប៉ុន្ដែដល់ពេលតម្លៃធ្លាក់ថ្លៃបែបនេះខ្ញុំពិត​ជាអស់សង្ឃឹមខ្លាំងណាស់។ មួយវិញទៀតមុខរបរនេះ គឺត្រូវខ្ចីលុយគេមកប្រើប្រាស់ ដល់ពេលម្រេចធ្លាក់ថ្លៃបែបនេះពិតជាពិបាកខ្លាំង​មែនទែន»

លោកបន្ដថា ក្នុងការពង្រីកមុខរបរនេះ គឺយើងបានខ្ចីលុយធនាគារ​មកធ្វើទាំងអស់ ហើយដល់ពេលធ្លាក់ថ្លៃចឹងព្រួយខ្លាំង ព្រោះខ្លាចអត់មានលុយសងបំណុលគេ។ លោកបន្ដថា «ខ្ញុំចង់ឲ្យម្រេចមេមត់មានទីផ្សារច្បាស់លាស់ដូចគេដូចឯង ដើម្បីកុំឲ្យតម្លៃ​ធ្លាក់ចុះដល់ថ្នាក់នេះ ព្រោះថាបើតាមតម្លៃទីផ្សារសព្វថ្ងៃនេះមិនសមស្របទៅនឹងតម្លៃដែលយើងបានធ្វើ ដោយចំណាយថវិការច្រើន សូម្បីតែជីក៏ថ្លៃ ហើយអ្វីផ្សេងទៀតក៏ថ្លៃដូចគ្នាដែរ»

ម្រេចគឺជារុក្ខជាតិវល្លិ៍ ដែលត្រូវចំណាយពេលក្នុងការដាំដុះរយៈពេលជាង១ឆ្នាំទៅ២ឆ្នាំ ម្រេចចាប់ឲ្យផលហើយ ប៉ុន្តែវាឲ្យពេញលេញវាមានអាយុ ចាប់ពី៣ ទៅ៤ឆ្នាំ។ ការថែទាំកសិករត្រូវស្រោចទឹករាល់៣ថ្ងៃម្តង គឺស្រោចទឹកឲ្យសើមជោគដី ការប្រើប្រាស់ជីកសិករត្រូវប្រើជី អ៊ីអ៊ឹម និង ជីលាមកគោ ជីទាំង២មុខនេះ ជាការគ្រប់គ្រាន់សម្រាប់ដំណាំម្រេច។

ការទុកស្មៅនៅក្នុងទីចំការល្អម៉្យាងដែរ នៅរដូវប្រាំងវាជួយឲ្យដីចំការមានជាតិសើម ពេលយប់វាជួយបឺតទឹកសន្សើមថែមទៀតផង តែវាក៏ត្រូវការជីដែរ តែនៅរដូវវស្សាកសិករ ត្រូវតែជំរាស់វាចោលទើបល្អ ដើម្បីជៀសវាងម្រេចជាំទឹក បណ្តាលឲ្យម្រេចងាប់។

លោក ប៊ុន ហាន កសិករដាំម្រេចនៅក្នុងខេត្តរតនៈគីរី បានថ្លែងឲ្យដឹងដែរថា «រាល់ថ្ងៃនេះខ្ញុំពិតជាព្រួយបានរម្ភ និងពិបាកចិត្តខ្លាំង​មែនទែនរឿងជំពាក់លុយអង្គការ ដែលអត់មានលុយបង្វិលសង់ទៅគេវិញ ព្រោះថាយើងខ្ចីលុយអង្គការដើម្បីធ្វើកសិកម្ម ដាំដុះ លុះដល់ពេលមានដើមទុន និងបង្វិលសងវិញ ប៉ុន្ដែយើងប្រឹងដាំមិនទាន់បានផលស្រួលបួលផងបែរជា ជាតម្លៃធ្លាក់ចុះ ដូច្នេះវាធ្វើឲ្យយើងជំពាក់បំណុលគេវ័ណ្ឌ-ក»

លោកបានបន្ថែមទៀតថា សម្រាប់តម្លៃដែលធ្លាក់ចុះនោះគឺធ្លាក់ពី៣៤០០០រៀល មកត្រឹមតែ១៣០០០រៀលតែប៉ុណ្ណោះ ដែលធ្វើ​ឲ្យប្រជាកសិករឡុងចុងខ្លាំង ហើយតម្លៃដែលប្រជាកសិករដែលអាចទទួលយកបានគឺតម្លៃដូចកាលពីមុន គឺ៨ទៅ៩ដុល្លារ។

លោកបានបញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យជួយរកតម្លៃណាមួយដែលសមរម្យដល់កសិករយើង និងសូមឲ្យគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកសិករបានខ្ចីលុយ ពន្យារពេលឲ្យពួកគាត់ នៅពេលដែលតម្លៃទន្និផល ធ្លាក់ចុះ ឬសេដ្ឋកិច្ចធ្លាក់ចុះ ដើម្បីឲ្យប្រជាកសិករអាចរកចំណូលបាន និងសង់ត្រឡប់ទៅដល់ធនាគារវិញ ព្រោះថាធនាគារភាគ​ច្រើនតើសេដ្ឋកិច្ចធ្លាក់ចុះគឺមិនសូវជួយ ឬយោគយល់ទៅដល់ប្រជាកសិករនោះឡើយ គឺមានតែប្រមូលដើមប្រមូលការបន្លឿន​ថែមទៀត»

ក្នុងនោះដែរលោក ណឺង សៅភួង ឈ្មួញទិញម្រេចមកពីក្រុមហ៊ុន Ned Spige បានថ្លែងឲ្យដឹងថា មូលហេតុដែលបណ្ដាល​ឲ្យម្រេចធ្លាក់ចុះព្រោះម្រេចដែលផលិតរាល់ថ្ងៃនេះគឺលើសតម្រូវការ ប្រជាពលរដ្ឋប្រកបរបនេះច្រើន ហើយបរិមាណសព្វថ្ងៃនេះមាន​រហូតដល់២ម៉ឺនតោនហើយ។ ម្រេចដ៏ច្រើននេះបានវាយលុកទីផ្សារ ធ្វើឲ្យម្រេចនៅប្រទេសជិតខាង រួមមានវៀតណាម ម៉ាឡេ ឥណ្ឌាល ប្រែស៊ីលទាំងអស់នេះធ្លាក់ថ្លៃក្នុងតម្លៃជាង៣ដុល្លារដូចគ្នាទាំងអស់។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះម្រេចដែលល្អបំផុតដែល​ទិញរាល់ថ្ងៃគឺ តម្លៃ១៤៥៥០រៀលក្នុងមួយគីឡូ ដោយមើលទៅតាមគុណ​ភាពរបស់ម្រេចដែលអាចធ្លាក់ទាបជាងនេះបន្ដិចៗ៕