(កណ្តាល)៖ ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេតកណ្តាល និងខេត្តព្រៃវែង​ចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើក ធ្វើឲ្យសមត្ថកិច្ចឈឺក្បាល វិលមុខនោះ នៅពេលនេះត្រូវបានកម្លាំងកងអាវុធហត្ថខេត្តកណ្តាល សហ​ការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងអាវុធហត្ថខេត្តព្រៃវែង តាមស្រាវជ្រាវរហូតបង្ក្រាបបានជាបន្តបន្ទាប់ហើយ។

ក្រោយតាមបង្ក្រាបបានក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមចោរទាំង៧នាក់ ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក ​ទូច អ៊ីណាន មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត​ផងដែរ។ បើតាមលោកមេបញ្ជាការរង ប្រតិបត្តិការនេះត្រូវបានធ្វើឡើង តាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំបញ្ជា​ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្តកណ្តាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោក ទូច អ៊ីណាន បានឲ្យដឹងថា​ ជំហ៊ានដំបូងកម្លាំងជំនាញបង្ក្រាបបានក្រុមបក្ខពួក០៥នាក់ ​នៅវេលាម៉ោង២១៖៤០​នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុចដងផ្លូវជាតិ៨A ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន​បានចំនួន៥នាក់ ទី១៖​ឈ្មោះ ស៊ាន សឿន ហៅម៉ាប់ អាយុ១៨ឆ្នាំ ​រស់នៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច, ទី២៖ឈ្មោះ សួន ភស្ត័ ហៅ​ឌុក អាយុ១៨ឆ្នាំ រស់នៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច, ទី៣៖ឈ្មោះ នូ វ៉ាត អាយុ១៩ឆ្នាំ រស់នៅភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច, ទី៤៖ឈ្មោះ វ៉េង សុខម៉េង អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ និងទី៥៖ឈ្មោះ តក់ ភក្ត្រា អាយុ១៧ឆ្នាំ រស់នៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច។ ដោយក្នុងនោះ ដកហូតម៉ូតូ០២គ្រឿង ម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FK-7083 និងមួយគ្រឿងទៀត ម៉ាក Nix ​ពាក់ស្លាកលេខព្រៃវែង​1K-3622 ដាវដែក១ដើម ទូរស័ព្ទ០៣គ្រឿង និងសំលៀកបំពាក់សម្រាប់ធ្វើសកម្មភាពក្លែងភេទ។

បើតាមលោកមេបញ្ជាការរង ក្រោយពីសាកសួរ​លុះដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជំនាញបន្តទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅចំណុច អាងទឹកស្តាតអូឡាំពិច (ភ្នំពេញ) និងស្រុកកៀនស្វាយ ដោយទី១៖ឈ្មោះ ស្រេង សាឡេន អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ផាន សំណាង អាយុ១៧ឆ្នាំ និងទី៣៖​ឈ្មោះ ស៊ាត ពិសី អាយុ២២ឆ្នាំ (ឃាត់ខ្លួននៅស្រុកកៀនស្វាយ) ក្នុងនោះ​ដកហូតបាន ម៉ូតូចំនួន៤គ្រឿង ​ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ1CK-0477, ម៉ាក Nix ​ស្លាកលេខកណ្តាល1P-4494, ​ម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ឆ្នាំង1F-0759, ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ​1FS-2515 និងបន្តទៅ​ដកហូតម៉ូតូ២គ្រឿងទៀត នៅហាងបញ្ចាំឃ្លាំងរំសេវដែលជារបស់មិត្តភ័ក្រជនល្មើស។

យ៉ាងណាមិញ ចំពោះបក្ខពួកក្រុមចោរប្លន់ចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចសួរនាំរួចឃើញថា មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មប្លន់នោះទេ ដោយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចដោះលែងឲ្យមានសេរីភាពវិញផងដែរ។

លោក ទូច អ៊ីណាន មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តកណ្តាល​ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរង គ្រោះជាច្រើននាក់ ដែលរងគ្រោះដោយសារក្រុមទាំងនេះ​ ធ្វើសកម្មភាពវាយប្លន់៕​