(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២៣៖១៥នាទីយប់ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ម្តាយកូន ពាក់ព័ន្ធករណីលួចប្រាក់ចំនួន៤០០ដុល្លារ និងទូរស័ព្ទ iPhone5s មួយគ្រឿង។
ជនសង្ស័យ ឈ្មោះ ម៉ៅ សិត អាយុ១០ឆ្នាំ បានធ្វើសកម្មភាពលូកហោប៉ៅ លួចប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ គៀ សុវណ្ណធារី ភេទស្រី អាយុ២៩ឆ្នាំ នៅចំណុចផ្សារបឹងបៃតង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយយកទៅប្រគល់ឲ្យម្តាយឈ្មោះ មោង ផៃ អាយុ៤៥ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ឃាត់បានភ្លាមៗ បញ្ជូនមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្រោយការស៊ើបអង្កេត របស់សមត្ថកិច្ច និងចម្លើយសារភាពរបស់ជនសង្ស័យ កុមារា ម៉ៅ សិត អាយុ១០ឆ្នាំ បានបញ្ជាក់ថា ពិតជាបានសកម្មភាពលួចប្រាក់ និងទូរស័ព្ទ ប្រាកដមែន ហើយធ្លាប់លួចប្រហែល១០ដងមកហើយ ក្នុងម្តងៗបានប្រាក់ប្រហែលជាងមួយរយដុល្លារប្រគល់ឲ្យម្តាយ។
ដោយចោរវ័យក្មេងជាអនិតិជន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ជាមួយលោក យូ សុភ័ក្រ ប្រធានមណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងជាតំណាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យទទួលយកកុមារា ម៉ៅ សិត ទៅរស់នៅក្នុងមណ្ឌល ដើម្បីទទួលបានការមើលថែ និងរៀនសូត្រផងដែរ។
រីឯម្តាយកុមារា ម៉ៅ សិត នៅមានកូនតូចៗបីនាក់ផ្សេងទៀតទុកចោល ឯខ្ទមលើបឹងក្នុងខេត្តព្រៃវែង ដោយផ្ញើនឹងអ្នកជិតខាងជួយមើលថែ ឃើញដូច្នោះជនរងគ្រោះ ដែលបាត់ប្រាក់ និងទូរស័ព្ទក៏សម្រេចចិត្ត មិនដាក់ពាក្យបណ្តឹង។
ដោយសណ្តានចិត្តមនុស្សធម៌ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចំណាយពេលវេលាជួបណែនាំ ដល់គ្រួសារ កុមារា ម៉ៅ សិត ដែលមានបងប្អូន០៦នាក់ និងម្តាយពោះម៉ាយម្នាក់ ឪពុកស្លាប់ចោលបាត់ កាលពីឆ្នាំ២០១៣ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ខណៈដើរឆ្លងផ្លូវនៅពេលយប់ មិនដឹងថា ត្រូវឡានឬម៉ូតូបុកស្លាប់លើផ្លូវម្នាក់ឯង។
ក្រោយពេលទទួលបានការណែនាំពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ម្តាយរបស់កុមារា ម៉ៅ សិត បានប្តេជ្ញាត្រឡប់ទៅរស់នៅ លើខ្ទមក្នុងខេត្តព្រៃវែងវិញ ដោយចាប់យកមុខរបរ ដើរបេះឈូក ដកព្រលឹតតាមបឹង កាត់ត្រកួនបេះស្លឹកបាស់ និងបន្លែផ្សេងៗលក់ ដើម្បីចិញ្ចឹមជីវិត ឈប់លួច ឈប់សុំទាន ហើយប្រគល់កូនតូចបីនាក់អាយុ១០ឆ្នាំ (ម៉ៅ សិត), អាយុ០៩ឆ្នាំ (ប្អូនស្រីម៉ៅ សិត), អាយុ០៨ឆ្នាំ (ប្អូនស្រីម៉ៅ សិត) ឲ្យមណ្ឌលកុមាកំព្រាភ្នំពេញថ្មី ដើម្បីទទួលបានការមើលថែ និងចូលរៀន ទុកតែកូនប្រុសពៅមួយអាយុ០៧ឆ្នាំ នៅជាមួយព្រោះមិនទាន់អាចរស់នៅឆ្ងាយ បែកពីម្តាយបាន រីឯកូនប្រុសច្បងបច្ចុប្បន្ន ចេះរស់ដោយខ្លួនឯង ដោយបានទៅធ្វើការលាងឡានឲ្យគេ មួយខែទទួលបាន៧០ដុល្លារ និងកូនស្រីទីពីរនៅស៊ីឈ្នួលគេដាំបាយ បោកខោអាវលាងចាន បានមួយខែ៥០ដុល្លារផងដែរ។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលយកការប្តេជ្ញា របស់ម្តាយកុមារា ម៉ៅ សិត ដោយអនុញ្ញាតិឲ្យធ្វើកិច្ចសន្យា ត្រឡប់ទៅស្រុកវិញ ហើយលោកឧត្តមសេនីយ៍ ព្រមទាំងបានជួយឧបត្ថម្ភ អង្ករ៣ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២យួរ ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកា៥០ម៉ឺនរៀលផងដែរ ដើម្បីឲ្យម្តាយរបស់កុមារា ម៉ៅ សិត ដោះស្រាយជីវភាពបណ្តោះអាសន្ន ពេលត្រឡប់ទៅផ្ទះវិញ៕