(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨១ព្រះវស្សា យាងចូល៨២ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
នៅថ្ងៃទី១៨ ខែមិថុនានេះ ក្នុង Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព និងសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យ៉ាងដូច្នេះថា «កូន ចៅ ចៅទួត ប្រជារាស្រ្តទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយ វាចាចិត្តក្រាបបង្គំសម្តែងថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ និងមហា ប្រសើរគ្រប់យ៉ាងចំពោះសម្តេចព្រះ មហាក្សត្រីព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខ ភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ»។
Facebook សម្តេចតេជោសរសេរទៀតថា «កូន ចៅ ចៅទួត និងប្រជារាស្រ្តទូទាំងប្រទេស សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»៕