(ភ្នំពេញ)៖ នេះជាស្នាដៃទី២របស់ផលិតកម្ម «Clip Media» ធ្វើការថតរឿងថ្មីមួយទៀត ដែលមានចំណងជើងថា «ក្មេងទី៦» ដែលនឹងចំណាយដើមទុន ជិត១០ម៉ឺនដុល្លារ ប្រហាក់ប្រហែលនឹងរឿងទី១ មានចំណងជើងថា «ជួយអូនផង!» បន្ទាប់ពីរឿងនេះទទួលបានជោគជ័យ និងមានអ្នកគាំទ្រយ៉ាងច្រើន។ ទាំងនេះជាកម្លាំងលើកទឹកចិត្តដល់ម្ចាស់ផលិតកម្ម លោក ពីជិត សិរីរិទ្ធ ក្នុងបន្តបង្កើតជាទស្សនិយភាព ដល់អ្នកគាំទ្របន្តទៀត
ពិធីក្រុងពាលីក្នុងរឿង «ក្មេងទី៦» នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅផ្លូវ៥៤២ ផ្ទះលេខ១៨ ដែលជាទីស្នាក់ការផលិតកម្ម «Clip Media» ដែលមានចូលរួមពីតារាសម្តែង សុទ្ធសឹងតែជាតារាល្បីល្បាញ ក្នុងស្រទាប់យុវវ័យ រួមមានកញ្ញា សុខ សោម៉ាវត្តី និង លោក មុំ សុទ្ធារ៉ា ដែលអ្នកទាំងពីរជាតួឯ ក្នុងរឿងនេះ។
លោក ពីជិត សិរីរិទ្ធ ម្ចាស់ផលិតកម្ម «Clip Media» បានថ្លែងថា «បន្ទាប់ពីទទួលអាជ្ញាបណ្ណពីខាងក្រសួង នាសប្តាហ៍ក្រោយ យើងនឹងរៀបចំធ្វើការថត សាច់រឿងនេះតែម្តង ហើយរឿងនេះប្រហែលជាមួយខែកន្លះ អាចនឹងថតចប់ ហើយបើសិនមិនខុសពីគម្រោងរបស់យើងទេ រឿងថ្មីនេះនឹងចាប់ចាក់បញ្ចាំងនៅចុងឆ្នាំ២០១៧ អំឡុងខែតុលា ឬវិច្ឆិកានេះ»។
លោកបន្តថា ទីកន្លែងដែលថតរឿង «ក្មេងទី៦»នេះ មិនខុសពីរឿងចាស់ទេ គឺមាននៅភ្នំពេញ និងនៅបាសិទ្ធក្នុងទឹកដីខេត្តកំពង់ស្ពឺ តែផ្តោតសំខាន់ គឺនៅភ្នំពេញច្រើនជាង។ សម្រាប់ក្នុងដើមទុន ក្នុងការថតរឿងបែប «ភ័យរន្ទត់» ដែលជាវិញ្ញាណខ្មោច ដែលបានស្លាប់ទៅនេះ គឺចំណាយទឹកប្រាក់ប្រហាក់ប្រហែលនឹងរឿងចាស់ដែរ គឺខ្ទង់១០ម៉ឺនដុល្លារ។
សូមរំឭកថា ខ្សែភាពយន្តខ្នាតធំរឿង «ជួយអូនផង!» បានដាក់បញ្ចាំង កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ មានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ហើយ ទោះបីជាប្រាក់ចំណេញតិចក្តី ក៏ម្ចាស់ផលិតរូបនេះ នៅតែបន្តស្វែងរកអ្វីដែលថ្មីជូនអ្នកទស្សនា ដើម្បីបន្តការគាំទ្រដល់ខ្សែភាពយន្តថ្មីៗទៀត ផងដែរ៕