(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្ងៃទី១៨ ខែមិថុនា បានចាប់ផ្ដើមជាផ្លូវការហើយ នាព្រឹកនេះដោយមានភ្ញៀវជាតិ និងអន្ដរជាតិចូលរួមសរុបចំនួន ៥,៣៥២នាក់មកពី ៣៣ប្រទេស ក្រោមការបាញ់កាំភ្លើងបញ្ជាចេញដំណើរលើវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ដោយលោក ប៉ា សុជាតិវង្ស ។
លោក ប៉ា សុជាតិវង្ស បានបង្ហាញពីមោទនៈភាពក្រៃលែង ចំពោះការចូលរួមដ៏ច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ ។ ប៉ុន្ដែមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរលោកក៏បានទទួចសូមកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ គោរពបទបញ្ជាការប្រកួត និងគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ហើយហាមដាច់ខាតការប្រជែងគ្នាដោយបង្កឧបសគ្គដល់អ្នកដៃ ឬបន្លំដើម្បីឈ្នះ ។ ពិសេសគឺការប្រុងប្រយ័ត្នលើផ្លូវរត់រាល់ឧបសគ្គផ្សេងៗ ដែលអាចកើតគ្រោះថ្នាក់ជាយថាហេតុផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ក៏បានថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏មហាត្រជាក់ត្រជុំដល់កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ និងសូមជនពរអត្តពលិកជាតិ និងអន្ដរជាតិ ទទួលបានូវអនុស្សាវរីយ៍ល្អៗ សប្បាយរីករាយ និងប្រកបដោយសុវត្ថិភាពក្នុងការរត់ផងដែរ» ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គឺមានអ្នកចូលរួមសរុប ៥,៣៥២នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ៤,៨២៩នាក់ និងជនបរទេសចំនួន ៥២៣នាក់ មកពី ៣៣ប្រទេស ។ ប៉ុន្ដែចំនួននេះ គឺកើនឡើងប្រមាណ ២០% បើធៀបនឹងកាលពីឆ្នាំ២០១៦កន្លងទៅ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ គឺអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្ងៃទី១៨ ខែមិថុនា ។ លើសពីនេះ ក៏ចូលរួមផ្សព្វផ្សាយពីបរិស្ថានស្អាត ទីក្រុងស្អាតដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សា និងទាក់ទាញភ្ញៀវទេសចរណ៍ ។ ម្យ៉ាងវិញទៀត ថវិកាទទួលបានពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំ គណៈកម្មការនឹងបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីរួមចំណែកជួយដល់សង្គមទៀតផង៕