(កណ្ដាល)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកសិក្ខាសាលាស្ដីពីលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណត្តិទី៤ការងារមូលដ្ឋានទូទាំងស្រុក សម្រាប់ឆ្នាំ២០១៧ និងលើកទិសដៅបន្តឆ្ពោះទៅកាន់ការបោះឆ្នោតសកលឆ្នាំ២០១៨។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតី លោក ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នៅទីស្នាក់ការគណបក្សស្រុក។
លោក ហ៊ីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរ និងអរគុណចំពោះសមាជិកសមាជិការបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រផ្ដល់ភាពយុត្តិធម៌ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យទាំង១៨ឃុំ នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកក៏បានណែនាំដល់អង្គសិក្ខាសាលា បន្តការខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ តាមគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បន្តការដោះស្រាយបញ្ហាទំនាស់ដីធ្លី, បាតុភាពអសកម្មមួយចំនួន, បម្រើសេវាសាធារណៈ, សេវាតម្រូវការ, សេវាសុខភាពនៅមូលដ្ឋាន ឲ្យបានល្អត្រឹមត្រូវតាមផ្លូវច្បាប់, បន្តចុះតាមមូលដ្ឋានជាប្រចាំតាមខ្នងផ្ទះ ស្វែងយល់ពីសុខទុក្ខ និងកង្វះខាតខាងជីវភាព ដោះស្រាយបញ្ហាកង្វល់នានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា, បន្តពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំក្នុងជួរបក្ស, បន្តការអភិវឌ្ឍមូលដ្ឋានឲ្យបានរីកចម្រើន ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋឆ្ពោះទៅទទួលជោគជ័យ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យ សម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជាជាបន្តបន្ទាប់គ្រប់ៗអណត្តិ, បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន កសាងសង្គមមួយឲ្យមានការរីកចម្រើនដូចប្រទេសអភិវឌ្ឍន៍នានា នៅលើពិភពលោក។
សូមជម្រាបថា បើតាម លោក បូរណារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង បានទៅបោះឆ្នោតចំនួន៦០,៣៣៨នាក់ ស្មើនិង៩៥.៩៧ភាគរយ នៃប្រជាជនដែលមានឈ្មោះក្នុងបញ្ចីបោះឆ្នោត ហើយចំនួនសន្លឹកឆ្នោតបានការ សរុបចំនួន៥៩,៤៥៤សន្លឹក ចំនួនសន្លឹកឆ្នោតមិនបានការ សរុបចំនួន៨៨៤សន្លឹក សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា៣៧,៥៣៨សម្លេង ទទួលបាន៦១អសនៈ ក្នុងនោះមុខតំណែងជាមេឃុំចំនួន១៨នាក់ ជំទប់ទី១ ចំនួន១៨នាក់ សមាជិកក្រុមប្រឹក្សាចំនួន១៣នាក់។
ក្រោយពីការប្រកាសលទ្ធផល ការបោះឆ្នោតឃុំអាណត្តិទី៤ ជាផ្លូវការរបស់គ.ជ.ប មេឃុំរលាំងកែន មេឃុំអំពៅព្រៃ និងឃុំរកា ទើបជាប់ធ្វើជាមេឃុំថ្មី របស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តថា បម្រើប្រជាពលរដ្ឋឲ្យបានល្អ និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា នឹងបន្តការអភិវឌ្ឍឃុំឲ្យមានការរីកចម្រើនក្នុងមូលដ្ឋាន៕