(សៀមរាប)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ លោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងលោកបណ្ឌិត នូ ផល្លា សមជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរបស់សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរ-អង្គភាព ជុំវិញខេត្ត ប្រមាណ១,៥៣៣នាក់ ដើមី្បធ្វើការថ្លែងអំណរគុណដល់ សមាជិកបក្សទាំងអស់ ដែលបានបំពេញកិច្ចការ បម្រើសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រមទាំងធ្វើការពង្រឹងបន្តក្នុងការអនុវត្ត កំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈឈានឆ្ពោះ ទៅរកបន្តភាពឈ្នះ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តទី៦ ឆ្នាំ២០១៨ខាងមុខ។
លោក ឃឹម ប៊ុនសុង ថ្លែងអំណរគុណ ចំពោះបងប្អូនមន្ត្រីរាជការ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំពុះពារក្នុងការបំពេញភារកិច្ចស្នូល ដែលគណបក្សបានប្រគល់ជូន និង បានបោះឆ្នោតគាំទ្រដល់ គណបក្សប្រជាជនកម្ពុជាកន្លងមក។
លោកបណ្ឌិត ក៏បានធ្វើការពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប ជូនដល់បងប្អូនជាមន្ត្រីរាជការនៅខេត្តសៀមរាប លោកបណ្ឌិត ក៏បានលើកឡើងផងដែរ អំពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ បើប្រៀបធៀបទៅឆ្នាំ២០១៣ សម្លេងសន្លឹកឆ្នោតរបស់គណបក្សប្រជាជន មានការកើនឡើងនៅទូទាំងប្រទេស។
ក្នុងនោះ លោកបណ្ឌិត ក៏បានធ្វើការទទួលស្គាល់ផងដែរ នូវរាល់ចំណុចខ្វះខាតនាពេលកន្លងមក នៅតាមបណ្តាមន្ទីរ អង្គភាព ដែលជាទង្វើមួយដែលមន្ត្រីជំនាញ បានធ្វើឲ្យមានការថ្នាំងថ្នាក់ចំពោះប្រជាជន ព្រមទាំងធ្វើឲ្យបាត់បង់នូវ ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវបង្កើនកិច្ចសហការសាមគ្គីគ្នាឲ្យបានល្អ និងសូមឲ្យមន្ត្រីគ្រប់រូប ត្រូវពង្រឹងការងារស្នូលរបស់ខ្លួន និងត្រូវគោរពឲ្យបាននូវវិន័យ ផ្លាស់ប្តូរនូវឥរិយាបថ គោរពឲ្យបាននូវក្រមសីលធម៌ជាមន្ត្រី ក្នុងការធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍ។
លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ណែនាំមួយចំនួន រួមទាំងផ្តល់នូវបទពិសោធន៍ វិធីសាស្ត្រល្អៗមួយចំនួន ព្រមទាំងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើមី្បជាប្រទីបសម្រាប់មន្ត្រីក្រុមការងារខេត្តចុះជួយមូលដ្ឋាន និងថ្នាក់ដឹកនាំក្នុងជួរគណបក្សទាំងអស់ ត្រូវតែធ្វើការថែរក្សាឲ្យបាននូវប្រជាប្រិយភាព របស់គណបក្សប្រជាជនកម្ពុជា ដើមី្បបម្រើនូវផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គមជាតិ សំដៅឆ្ពោះបន្តភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៦ ឆ្នាំ២០១៨ខាងមុខនេះ៕