(ភ្នំពេញ)៖ ជុំវិញព័ត៌មានដ៏រសើបអំពី «តំណែងបេក្ខភាពជានាយករដ្ឋមន្រ្តី» របស់លោក សម រង្ស៊ី សម្រាប់ឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិ នៅតែមិនអាចសុំ ការបញ្ជាក់ច្បាស់លាស់ពីមេដឹកនាំកំពូលៗរបស់បក្សប្រឆាំង។ គិតត្រឹមវេលាម៉ោង១៤៖០០នាទីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ មេដឹកនាំកំពូលៗរបស់គណបក្សសង្រ្គោះជាតិ នៅមិនទាន់បញ្ជាក់ការពិតនៅឡើយនោះទេ ដោយបានរុញដាក់គ្នាទៅវិញទៅមក។
នៅថ្ងៃសៅរ៍នេះបណ្តាញព័ត៌មាន Fresh News នៅតែបន្តការសុំការបំភ្លឺពីមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយនេះ ប៉ុន្តែលទ្ធផលអវិជ្ជមានដដែល បើទោះបីបុគ្គលិកជាន់ខ្ពស់របស់បណ្តាញព័ត៌មាន Fresh News ព្យាយាមទូរស័ព្ទច្រើនលើកច្រើនសារក៏ដោយ។
លោក ឡុង រី ប្រធានគណៈកម្មាធិការសន្តិសុខ និងជាតំណាងរាស្រ្ត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំមិនមានសិទ្ធិឆ្លើយទេ សុំឲ្យទាក់ទងទៅអ្នកនាំពាក្យគណបក្ស អរគុណ»។
លោក ប៉ុល ហំម អនុប្រធានគណបក្ស បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា «រាល់ព័ត៌មានគណបក្ស សុំទាក់ទងទៅអ្នកនាំពាក្យគណបក្សវិញ»។
លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្ត បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា «សុំឲ្យទាក់ទងទៅលោក យឹម សុវណ្ណ អ្នកនាំពាក្យវិញ»។
ចំណែកលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ Fresh News ថា «ខ្ញុំជាប់រវល់ មានការអីទាក់ទងទៅលោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញារិទ្ធ»។
លោក យ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្ស, លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ទូរស័ព្ទរបស់លោកទាំងពីរ មិនមានអ្នកទទួលនោះទេ។
ទោះបីណាអង្គភាពព័ត៌មាន Fresh News នៅតែប្រកាសស្វាគមន៍រង់ចាំការបំភ្លឺពីគណបក្សសង្រ្គោះជាតិ។
សូមជំរាបថា កាលពីម្សិលមិញ អ្នកវិភាគដ៏ល្បាញល្បី «បក្សីចាំក្រុង» បានលើកឡើងជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ប្រសិនបើអ្វីដែលលោក សម រង្ស៊ី បានប្រកាសនៅក្នុងវេទិការ របស់វិទ្យុអាស៊ីសេរីថា លោកជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៨ ហើយមិនមានថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សសង្រ្គោះជាតិហ៊ានបញ្ជាក់នោះទេ គឺមានន័យថា ការប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ មិនបានឆ្លង ការសម្រេចរបស់គណបក្សសង្រ្គោះជាតិនោះទេ ហើយការប្រកាសដោយលោក សម រង្ស៊ី ដែលមិនមែនជាសមាជិកគណបក្សសង្រ្គោះជាតិ តាមបែបផែននេះ គឺជាការមិនឲ្យតំលៃទាល់តែសោះដល់គណបក្សសង្រ្គោះជាតិ ជាពិសេសគឺលោក កឹម សុខា ដែលកំពុងគ្រប់គ្រងអំណាចគណបក្សទាំងមូល»៕
សូមស្តាប់លោក សម រង្ស៊ី ប្រកាសនៅក្នុងវិទ្យុអាស៊ីសេរីថា លោកជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ