(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៦គ្រឿង រថយន្តតូច៤គ្រឿង និងរយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, និងប្រជែង និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៩លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន២៥៨នាក់ របួសធ្ងន់ចំនួន១៨៤នាក់ និងរបួសស្រាលចំនួន៧៤នាក់៕