(ភ្នំពេញ)៖ ភាពយន្តដែលទទួលបានកិច្ចសហការផលិត ពីអ្នកជំនាញផលិតភាពយន្តមកពីប្រទេស កាណាដា និងហ្វីលីពីន មានចំណងជើងថា «ពស់កេងកង» ចាប់ផ្ដើមដាក់បញ្ចាំងជាផ្លូវការហើយ នៅលើកញ្ចក់ទូរទស្សន៍ PNN ដោយបានធ្វើពិធីសម្ពោធ ចាក់បញ្ចាំងជាផ្លូវការ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នាសណ្ឋាគារភ្នំពេញ ដោយមានវត្តមានតារាល្បីៗជាច្រើន ចូលរួម។

តាមការកត់សម្គាល់ នៅក្នុងពិធីសម្ពោធចាក់កញ្ចាំងជាផ្លូវការ ខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍ PNN គឺរឿង «ពស់កេងកង» គេង្កេតឃើញមានវត្តមាន របស់តារាសិល្បករ-សិល្បកិរិនីជាច្រើនចូលរួម ដូចជា លោក ទេព រិនដារ៉ូ ,លោក ជា សំណាង ,លោក ណាខុន ,កញ្ញា ដួង ម៉ានិច ,កញ្ញា សក្កដា ,លោក រស់ វុទ្ធី ព្រមជាមួយនឹងវត្តមាន របស់តារាប្រុស-ស្រីល្បីៗជាច្រើនទៀត។

ក្នុងដំណើរការ នៃការផលិតនៃការចាក់ផ្សាយរឿង «ពស់កេងកង» នេះដែរ ស្ថានីយ៍ទូរទស្សន៍ PNN ក៏បានទទួលសិទ្ធពីប្រធាននាយកដ្ឋាន សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលក្នុងការផលិតបន្តជាខ្សែភាពយន្តភាគខ្មែរ និងចាក់ផ្សាយជាសាធារណៈ ជូនទស្សនិកជនទស្សនា។ ម្យ៉ាងទៀតខ្សែភាពយន្តរឿង «ពស់កេងកង» គឺត្រូវបានផលិតឡើងវិញ ជារឿងភាគ និងត្រូវចែកចេញជាពីរវគ្គ ដោយវគ្គទី១ត្រូវបានរក្សាទម្រង់ដើមទាំងស្រុង មានចំនួន១២ភាគ។ ចំណែកវគ្គទី២មានចំនួន២៦ភាគ ហើយក្រុមការងារផលិត ក៏បានសហការគ្នាយ៉ាងល្អ និងមានការចូលរួមពីអ្នកជំនាញ មកពីប្រទេសផ្សេងគ្នាដូចជា ប្រទេសកាណាដា ហ្វីលីពីន និងកម្ពុជា។

បើតាមការប្រាប់ឲ្យដឹងពីកញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍ PNN បានលើកឡើងថា កន្លងមក PNN បានជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវប្រភេទសាច់រឿងបែបកំប្លែង មនោសញ្ចេតនា ទាំងសម័យ និងបុរាណមកផលិត ជាភាពយន្តភាគទូរទស្សន៍ដើម្បីជាចំណីអារម្មណ៍ថ្មី សម្រាប់ទស្សនិកជន នៅតាមគេហដ្ឋាន ហើយយើងយល់ឃើញថា ប្រភេទរឿងព្រេងខ្មែរមួយចំនួន គឺទទួលបានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ ហើយយើងជឿជាក់ថា ទស្សនិកជនភាគច្រើន គឺចង់ទស្សនាជាភាពយន្តភាគ ដូច្នេះទើបយើងលើករឿង «ពស់កេងកង» នេះមកផលិតជាភាពយន្ត ភាគទូរទស្សន៍។

ជាមួយគ្នានេះ កញ្ញា ទូច បុប្ផា បានបញ្ជាក់បន្ថែមថា យើងសង្ឃឹមថាការពង្រឹងគុណភាព ផលិតផលភាពយន្តទូរទស្សន៍នេះ នឹងធ្វើឲ្យទស្សនិកជនខ្មែរទាំងអស់ ងាកមកចាប់អារម្មណ៍ និងគាំទ្រភាគយន្តខ្មែរ។ មិនតែប៉ុណ្ណោះស្ថានីយទូរទស្សន៍ PNN តែងតែលើកស្ទួយ និងលើកតម្កើងរឿងខ្មែរ មានទាំងរឿងបែបអក្សរសិល្បិ៍ រឿងព្រេង រឿងប្រលោមលោក និងស្នាដៃផលិតថ្មីដើម្បីឲ្យខ្សែភាពយន្ត ទទួលបានការគាំទ្រពីសំណាក់ទ ស្សនិកជនទាំងក្នុង និងក្រៅស្រុក៕