(ភ្នំពេញ)៖ ធនាគារ  Maybank នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីប្រកួតប្រជែងធុរកិច្ចអន្ដរជាតិ  Maybank Go Ahead Challenge 2017 (MGAC) ក្រោមប្រធានបទ Take Over Tomorrow ដើម្បីស្វែងរកបេក្ខជនឈ្នះជ័យលាភីក្នុង​ប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងកម្មវិធីនេះលើឆាកអន្ដរជាតិ ជាមួយបេក្ខជនចំនួន៦០នាក់ផ្សេងទៀត ដែលមកពីបណ្ដាលប្រទេសផ្សេងៗ ក្នុងវគ្គផ្ដាច់ព្រ័ត នាដើមខែសីហា ខាងមុខនេះ ក្នុងប្រទេសម៉ាឡេស៊ី។

កម្មវិធី MGAC នេះត្រូវបានរៀបចំឡើងតាមបណ្ដាលប្រទេសផ្សេងៗរួមមាន ប្រទេស ម៉ាឡេស៊ី សិង្ហបុរី​ ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពិន ថៃ ភូមា កម្ពុជា វៀតណាម ឡាវ ហុងកុង និងអង់គ្លេស។ បេក្ខជនវគ្គផ្ដាច់ព្រ័តដែលនឹងជ្រើសរើស ឲ្យចូលរួមការប្រកួតប្រជែង លំដាប់ថ្នាក់អន្ដរជាតិនេះ ពួកគេនឹងបានសាកល្បងនូវសមត្ថភាពផ្សេងៗក្នុងអំឡុងពេលស្នាក់នៅរយៈពេល១០ថ្ងៃ ក្នុងប្រទេសម៉ា​ឡេស៊ី ដើមខែសីហា ខាងមុខ។

បេក្ខជនប្រកួតប្រជែងកម្មវិធី MGAC ម្នាក់បានថ្លែងឲ្យដឹងថា «កម្មវិធីនេះ បានផ្ដល់ឱកាសជាច្រើនដើម្បីស្វែងយល់ពីខ្លួនឯង និងដែនកំណត់របស់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់ការផ្លាស់ប្ដូរផ្នត់គំនិតជាច្រើន ដែលការយល់ឃើញរបស់ខ្ញុំ ចំពោះពិភពលោក ត្រូវបានធ្វើតេស្ដ​សាកល្បង និងវាយតម្លៃសារជាថ្មី ទាំងនេះហើយដែលធ្វើឲ្យខ្ញុំចូលរួមកម្មវីធីហ្វឹកហាត់ ការគ្រប់គ្រងកម្រិតសកលលោក របស់ធនាគារ Maybank ដែលនេះជាចំណុចចាប់ផ្ដើម នៃការរីកចម្រើននៃការងាររបស់ខ្ញុំ»។

កម្មវិធី MGAC ២០១៧ នេះបានផ្ដល់រង្វាន់គួរឲ្យទាក់ទាញ ជាប្រាក់សុទ្ធរហូតទៅដល់៤ម៉ឺនដុល្លារ សម្រាប់ក្រុមដែលឈ្នះជ័យលាភីលេខ១, សម្រាប់ក្រុមជ័យលាភីលេខ២ទទួលបានទឹកប្រាក់ ២ម៉ឺនដុល្លារ, និងក្រុមឈ្នះលេខ៣ទទួលបានទឹកប្រាក់១ម៉ឺនដុល្លារ៕