(ភ្នំពេញ)៖ ថ្លែងនៅក្នុងបទសម្ភាស ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង និងជាទណ្ឌិតកំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់ បានថ្លែងថា មេឃុំចៅសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ត្រូវគោរពតាមកម្មវិធីនយោបាយទាំង៥ ចំណុចដែលបានសន្យា ហើយមេដឹកនាំបក្សសង្គ្រោះជាតិ នឹងអនុវត្តតាមការសន្យាដូចអ្វី ដែលបានឃោសនាផ្សព្វផ្សាយ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅអំឡុង ពេលឃោសនា បោះឆ្នោតកន្លងទៅ។

បើជំរុញឱ្យគោរពការសន្យាទាំង៥ចំណុច ក្នុងនោះក៏មានកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍឃុំសង្កាត់ ដែលបានសន្យាឱ្យដែរ។ ដូច្នេះប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំសង្កាត់ ដែលគណបក្សប្រឆាំងឈ្នះឆ្នោត ដឹកនាំរង់ចាំវត្តមានមេឃុំ ចៅសង្កាត់ថ្មី និងកញ្ចប់ថវិកា៥០ម៉ឺនដុល្លារផងដែរ អាចនៅមានសង្ឃឹម ព្រោះ សម រង្ស៊ី លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងគោរពតាមសន្យានេះ។

អ្វីដែល សម រង្ស៊ី លើកឡើងប្រៀបបាននឹងការទះកំផ្លៀង កឹម សុខា យឹម សុវណ្ណ និង យ៉ែម ប៉ុញ្ញាឫទ្ធិ និងសកម្មជនបក្សប្រឆាំងដទៃទៀតដែរថា ត្រូវគោរព ការសន្យា មិនត្រូវថាចោលៗបោះទេ ខណៈពួកគេបាននិងកំពុងព្យាយាម បំភ្លេចពាក្យសន្យានេះ និងរុញថា ចាំបក្សប្រឆាំងឈ្នះការបោះឆ្នោតសិន។ ដាំចេកចុះ! តែតាមពិត យឹម សុវណ្ណ និងសមាជិកបក្សសង្គ្រោះជាតិ បាននិយាយពេញៗមាត់ថា បើបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ ខែមិថុនា នឹងទទួលបានកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍឃុំសង្កាត់។

ដូច្នេះបើមេបក្សស្រមោល ជំរុញឱ្យមេឃុំចៅសង្កាត់ និងមន្ត្រីបក្សសង្គ្រោះជាតិ គោរពតាមការសន្យាទាំង៥ បងប្អូននៅតាមឃុំដែលគ្រប់គ្រង ដោយបក្សសង្គ្រោះជាតិ ពិតជាមានសង្ឃឹមខ្លាំង។ បងប្អូនប្រជាពលរដ្ឋអាចមកសួរនាំមេឃុំចៅសង្កាត់ថ្មីលើបញ្ហានេះ ឬមកសាកសួរនៅទីស្នាក់ការបក្សសង្គ្រោះជាតិ ក៏បានដើម្បីឱ្យដឹងច្បាស់ថា តើជំរុញឱ្យគោរពគោលនយោបាយ៥ខនេះ នឹងមានកញ្ចប់ថវិកាភ្លាមៗដូច យឹម សុណ្ណ និងសកម្មជនបក្សផ្សេងទៀតសន្យាឱ្យអត់? តែត្រង់ថា សម រង្ស៊ី និយាយមិនបានគិត ឬមេបក្សពិត និងមេបក្សស្រមោលមិនមានទស្សនៈត្រូវគ្នា ហើយ សម រង្ស៊ី ចេះតែនិយាយ និងព្យាយាមបង្ហាញថា ខ្លួននៅតែជាម្ចាស់បក្សប្រឆាំង នៅតែជាប្រធានបក្សប្រឆាំងដដែល? នេះមានតែផ្ទៃក្នុងបក្សដែលអាចដឹង !

ដោយ៖ ចៅចាក់ស្មុក