(កណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍រវាងកុងតឺន័របុកកុងតឺន័រ លាន់ស្នូរដូចរន្ទះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៧-១៨ ក្នុងភូមិធធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងនៅព្រឹកនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង១២៖៤៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។
សមត្ថកិច្ចបញ្ជាក់ទៀតថា មុនពេលកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1534 បើកបរដោយឈ្មោះ ប្រាក់ វន្តា ភេទប្រុស អាយុ៣៣ឆ្នាំ បើកពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានឈប់រថយន្ត ដើម្បីត្រួតពិនិត្យរថយន្ត។ ខណៈកំពុងតែត្រួតពិនិត្យរថយន្ត ស្រាប់តែមានរថយន្ត កុងតឺន័រមួយគ្រឿងទៀត ពាក់ស្លាកលេខស្វាយរៀង 3A-0927 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងទិសដៅស្របទិសគ្នា ចាប់ហ្រាំងមិនទាន់ ក៍បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលឈប់ពីក្រោយពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តទាំងពីរ រងរបួសធ្ងន់ ហើយរថយន្តដែលនៅខាងមុខ បានជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1D-1617 បើកបរដោយឈ្មោះ វីង គឹមអេង ភេទស្រីឌុបកូនស្រីពីក្រោយ បណ្តាលកូនស្រីដែលជិះពីក្រោយរបួសធ្ងន់ ស្ត្រីជាម្តាយរបួសស្រាល។
ក្រោយកើតហេតុអ្នកបើករបររថយន្តទាំងពីរ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈក្មេងស្រីរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជនជិតផ្សារគគី ស្រុកកៀនស្វាយ៕