(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង ពាន់រង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) មានអ្នកដាក់ពាក្យសុំចូលរួម ប្រកួតប្រជែងជិត៤០នាក់ ដោយក្នុងនោះការសម្រាំង យកត្រឹមតែជាង២០នាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ។
តំណាងរៀបចំការប្រកួតប្រជែង Cambodia ICT Awards 2017 បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា បញ្ជីឈ្មោះបេក្ខជនទាំងជាង២០នាក់ នឹងត្រូវបង្ហាញតាមរយៈគេហទំព័ររបស់កម្មវិធី http://www.cambodiaictaward.com/ និង facebook page: Cambodia ICT Awards នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីឈានចូល «វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលបេក្ខជនទាំងជាង២០រូប នឹងត្រូវឡើងធ្វើបទបង្ហាញជាភាសាអង់គ្លេស ពាក់ព័ន្ធនឹងផលិតផលរបស់ខ្លួន រយៈពេល១៥នាទី នៅមុខគណៈកម្មាធិការ ។
ពាន់រង្វាន់ Cambodia ICT Awards ឆ្នាំនេះ អ្នកដែលទទួលបានជយលាភីលេខ១ ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ (ឆ្នាំមុន៥ពាន់ដុល្លារ) ជយលាភីលេខ២ ទទួលបាន៣ពាន់ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។
តំណាងអ្នករៀបចំកម្មវិធីប្រកួតបញ្ជាក់ថា កម្មវិធីការប្រកួតប្រជែងប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីរកសមិទ្ធផល ICT ដ៏ល្អបំផុតដែលជា របស់សហក្រិននៅកម្ពុជា, សំដៅទៅកាន់ភាពជោគជ័យ នៃការបង្កើតថ្មី និងគំនិតច្នៃប្រឌិត ក៏ដូចជាផ្តល់ឱកាសអាជីវកម្ម និងប្រភពថវិកាសម្រាប់គម្រោងថ្មីៗផងដែរ។
លើសពីនេះកម្មវិធី ICT Awards ក៏នឹងជួយជំរុញឲ្យក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឈានឡើងមួយកម្រិតទៀត តាមរយៈការចូលរួមប្រកួតប្រជែង លើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ កម្មវិធីនេះក៏ធ្វើឡើងស្របផែនការមេ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១២០ «លើកកម្ពស់នវានុវត្តន៍ក្នុងសហគ្រាស ICT នៅកម្ពុជា»។
សូមរំលឹកថា កម្មវិធីប្រកួតប្រជែង ICT Awards ២០១៧ បានបើក និងទទួលពាក្យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ការឈប់ទទួលពាក្យ ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧, ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧, ការជ្រើសរើសវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ នឹងធ្វើឡើងនៅកំឡុងខែកក្កដា ឆ្នាំ២០១៧។
ម្ចាស់ជយលាភីនៃការប្រកួតប្រជែង កម្មវិធី Cambodia ICT Awards នឹងត្រូវទៅចូលរួមប្រកួតប្រជែង ម្ចាស់ជយលាភី ICT Awards មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ៕