(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងចែកពូជស្រូវផ្ការំដួល៨តោន ដល់ប្រជាពលរដ្ឋ ២០០គ្រួសារ មកពី៤ភូមិ គឺភូមិត្រាំសេះ ភូមិបត់កណ្តោល ភូមិបឹងឈូក និងភូមិដូងជ្រុំ ក្នុងឃុំបឹងបត់កណ្តោល សម្រាប់បើកធ្វើស្រែដើមរដូវ។

ពិធីនេះត្រូវបានធ្វើឡើងនៅលើភ្លឺស្រែ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ដោយបានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស និងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ការងារភ្ជួររាស់ទូទាំងខេត្ត សម្រេចបាន៧៣២៧៩ហិកតា សាបបាន២០៦ហិកតា ព្រោះបាន៣៩១៤៥ហិកតា ធៀបនឹងឆ្នាំ២០១៦ លើស២១៤៥៤ហិកតា នេះដោយសារមានភ្លៀងធ្លាក់នៅមុនដើមរដូវ។

លោក ឡាយ វិសិដ្ឋ បានបន្តថា ដោយសារបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកខេត្ត បានឲ្យមន្ទីរជំនាញរៀបចំពូជស្រូវសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងឆ្នាំកន្លងមក ចាប់ពីដើមរដូវរហូតមកដល់ពេលនេះ បានជិត១០០តោនហើយ ពូជស្រូវផ្ការំដួល ដែលត្រូវចែកជូននេះ គឺជាគម្រោង គ្រប់គ្រងគ្រោះមហន្តរាយ ក្រៅពីនោះគម្រោងដែលមន្ទីរទទួលបានក្នុងឆ្នាំ២០១៧ រួមមានគម្រោង IRRI គម្រោងជំរុញផលិតកម្មស្បៀងអាហារ គម្រោង REAPIP និងគម្រោង ASPIRE ដែលបាននឹងកំពុងអនុវត្តន៍លើស្រុក៥ និងក្រុង១ទូទាំងខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានបន្តថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានបញ្ចប់រួចរាល់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ឃើញថាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលបានតំណែងមេឃុំ និងចៅសង្កាត់ទាំងអស់ ទាំង៤៩ ឃុំ-សង្កាត់ គ្មានធ្លាក់លើគណបក្សប្រឆាំងឡើយ។ និយាយដោយឡែកក្នុងឃុំបឹងបត់កណ្តោលយើងនេះ ក៏យើងទទួលសម្លេងគាំទ្រមិនតិចផងដែរ នេះដោយសារការខិតខំប្រឹកប្រែងរបស់យើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទាំងមូលមានភ័ព្វសំណាងណាស់ដោយទទួលបាននូវសមិទ្ធផលជាច្រើនពី រាជរដ្ឋាភិបាល ដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹកបានរហូតដល់ជាង ៥០លានម៉ែត្រគូបសម្រាប់ស្រោច ស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង, ផ្លូវជាតិលេខ៥៥ ជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាតប្រទេសថៃ ដែលស្ថាបនាបានជាង៨០ភាគរយហើយជាពិសេសផ្លូវជនបទក្រាលកៅស៊ូក្នុងឃុំនេះផ្ទាល់ដែលបានកំពុង ស្ថាបនា សរុបទាំងអស់មានចំនួន១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ ក្រៅពីនោះនៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ នេះដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកបានចែកពូជស្រូវផ្ការំដួល ដល់ប្រជាពលរដ្ឋ២០០គ្រួសារ មកពី៤ភូមិ គឺភូមិត្រាំសេះ ភូមិបត់កណ្តោល ភូមិបឹងឈូក និងភូមិដូងជ្រុំ ក្នុងឃុំបឹងបត់កណ្តោល ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ៤០គីឡូក្រាម និងបន្តភ្ជួររាស់បើកធ្វើស្រែដើមរដូវ ព្រមទាំងចុះពិនិត្យមើលរោងសិប្បកម្ម សាន ពៅ ដែលផលិត និងកែច្នៃសម្ភារប្រើប្រាស់ ធ្វើអំពីដើមត្នោត ស្ថិតក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ៕