(កណ្តាល)៖ លោក គង់ វិបុល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល និងក្រុមការងារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំបារ៉ុង ស្រុកល្វាឯម និងថ្លែងអំណរគុណដល់បងប្អូន ដែលបានបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧កន្លងមកនេះ។
ក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងថា តាមរយៈលទ្ធផលឆ្នោតដែលបងប្អូនប្រជាពលរដ្ឋយើងទូទាំងឃុំបានបោះ បានបង្ហាញថា បងប្អូននៅតែចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាស្នូលក្នុងការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៏នៅមូលដ្ឋានកាន់តែប្រសើរឡើងទៀត និងបានផ្តល់ទំនុកចិត្តយ៉ាងច្បាស់ លើបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាដែលមានស្នាដៃលើការងារ អភិវឌ្ឍន៏ក្នុងឃុំដែលបងប្អូនបានមើលឃើញច្បាស់គឺជាជើងឯកនៃការអភិវឌ្ឍន៏, ការរក្សាសុខសន្តិភាព និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបន្តថា បងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងបានបំពេញកាតព្វកិច្ចជាពលរដ្ ឋដែលរស់នៅក្នុងសង្គមប្រជាធិតេយ្យសេរីពហុបក្សរួចហើយ។ ចំណែកការងារ ដែលត្រូវធ្វើបន្តគឺខិតខំចូលរួម ជាមួយក្រុមប្រឹក្សាឃុំដែលបងប្អូន បានបោះឆ្នោតជូន ដើម្បីបន្តការងារឲ្យភូមិ ឃុំរបស់យើងមាន ការរីកចំរើនការតែខ្លាំងក្លាថែមទៀត ព្រោះអ្នកធ្វើពិតប្រាដកំពុងតែស្ថិតនៅជាមួយបងប្អូន មិនទៅណាចោលបងប្អូនឡើយ។
លោក គង់ វិបុល បានអះអាងក្នុងនាមក្រុមការងារចុះជួយឃុំបារ៉ុងថា លោក និងក្រុមការងារនៅតែបន្តខិតខំ ជួយដោះស្រាយការលំបាករបស់បងប្អូន ក៏ដូចបន្តការងារស្តារ និងកសាងហេដ្ឋារចនាសម្ពន្ធ័ ក្នុងឃុំឲ្យបានសំរេចតាមការគ្រោងទុក ក៏ដូចជាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហស័ដោយមិនយកកំរៃសេវា និងទប់ស្កាត់បទល្មើសផ្សេងៗរក្សាសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់តែប្រសើរឡើងទៀត។
សូមបញ្ជាក់ថា ឃុំបារ៉ុង ស្រុកល្វាឯម មានអសនៈក្រុមប្រឹក្សាឃុំចំនួន៥អសនៈ ដែលតាមលទ្ធផលបណ្តោះអាសន្ន គឺគណបក្សប្រជាជនកម្ពុជាទទួលបាន៤អសនៈ គណបក្សសង្គ្រោះជាតិទទួលបាន១អសនៈ។ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ ក៏ដូចក្រុមការងារចុះជួយឃុំបានធ្វើឲ្យឃុំ បារ៉ុង មានការប្រែមុខមាត់ថ្មីជាពិសេសលើផ្នែកហេដ្ឋារចនាសម្ពន្ធ័ផ្លូវគមនាគមន៏តភ្ជាប់ខ្វាត់ខ្វែង និងប្រែក្លាយពីតំបន់ដែលធ្លាប់លំបាកលិចទឹកនៅរដូវវស្សា គ្មានផ្លូវធ្វើដំណើរមកជាមានផ្លូវល្អ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈភាពងាយស្រួលក្នុងការធ្វើដំណើរ។
ដើម្បីបង្ហាញពីភាពស្និតស្នាល ជាបងជាប្អូន លោក គង់ វិបុល និងក្រុមការងារក៏បានពិសាអាហារសាមគ្គីជាមួយ បងប្អូនប្រជាពលរដ្ឋឃុំបារ៉ុង ប្រកបដោយក្តីរីករាយ៕