(ភ្នំពេញ)៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅគោលនយោបាយរបស់គណបក្សប្រឆាំង ដែលប្រកាស នឹងផ្តល់ថវិកា៥០ម៉ឺនដុល្លារ សម្រាប់ឃុំ/សង្កាត់នីមួយៗក្នុងមួយឆ្នាំៗ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នោះ គឺជាការកំណត់ដោយ មិនមានមូលដ្ឋានច្បាស់លាស់ ហើយថា គោលនយោបាយនេះ មិនអាចទៅរួចឡើយ។
ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពី ម្សិលមិញថា គម្រោងសំណើរបស់គណបក្សប្រឆាំង ដែលចង់ឱ្យរដ្ឋសភា អនុម័តបន្ថែមថវិកា ៥០ម៉ឺនដុល្លារ សម្រាប់ឃុំ/សង្កាត់នីមួយៗ ក្នុងមួយឆ្នាំៗនោះ នឹងជួបការពិបាកបំផុត ដែលសារតែ ការបន្ថែមថវិកាបែបនេះ គឺជាការសង្កត់កប្រជាពលរដ្ឋ ដោយសារតែថវិការដ្ឋបានមកពីការប្រមូលពន្ធពីប្រជាពលរដ្ឋ។
លោក សុខ ឥសាន បានថ្លែងថា តាមគោលការណ៍បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ និងអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស នៅពេលគណបក្សណាឈ្នះឆ្នោត គឺកម្មវិធីនយោបាយ គណបក្សនោះ នឹងត្រូវយកមកអនុវត្តក្នុងការដឹកនាំ គ្រប់គ្រងប្រទេស ពីព្រោះបានទទួលការគាំទ្រពីប្រជាជនរួចហើយ ។ ដូច្នេះ ទោះបីមានមេឃុំ ចៅសង្កាត់មួយចំនួន មកពីគណបក្សប្រឆាំងចូលកាន់ការងារ តាមលទ្ធផលបោះឆ្នោតក្តី ក៏មេឃុំ ចៅសង្កាត់ទាំងនោះចាំបាច់ត្រូវគោរព និងអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែរ មិនអាចទាមទារយកកម្មវិធីនយោបាយរបស់គណបក្សចាញ់ឆ្នោតមកអនុវត្តបានទេ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះការទាមទារណាមួយឲ្យមានការប្រើប្រាស់ថវិការដ្ឋ ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយឃុំ/សង្កាត់ ដែលបានកំណត់គ្មានមូលដ្ឋាន របស់គណបក្សប្រឆាំងនោះ មិនអាចទៅរួចទេ។ គេត្រូវតែអនុវត្តតាមកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលអនុវត្តតាមគោលការណ៍ច្បាប់ ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ថវិការបស់រដ្ឋ និងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងប្រព័ន្ធគ្រប់គ្រងតាមវិមជ្ឈកា និង វិសហមជ្ឈកាជាធរមាន។ ដូច្នេះ សូមកុំច្រឡំ និងកុំបន្លំឲ្យសោះ»។
គោលនយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារក្នុងមួយឃុំ ត្រូវបានប្រកាសដោយ គណបក្សសង្រ្គោះជាតិ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដើម្បីទាក់ទាញសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ តាមគោលនយោបាយនេះ គឺរដ្ឋត្រូវការថវិកាប្រមាណជាង៨២៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីអភិវឌ្ឍតាមមូលដ្ឋាន។
សេដ្ឋវិទូ និងអ្នកស្រាវជ្រាវបញ្ហាសង្គមកម្ពុជា បានមើលឃើញដូចគ្នាថា នយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ របស់គណបក្សប្រឆាំងនេះ ជានយោបាយខុសឆ្គងធ្ងន់ធ្ងរមួយសម្រាប់ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយមិនអាចអនុវត្តន៍ទៅរួចនោះឡើយ៕