(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីក្រោមឱវាទចុះ ត្រួតពិនិត្យស្ថានភាព ការខូចខាតផ្លូវដោយសារភ្លៀងហូរច្រោះ ស្តារប្រព័ន្ធលូ និងគ្រោងចាក់ផ្លូវបេតុងក្នុងក្រុង៤គីឡូម៉ែត្រ។
លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានថ្លែងថា ក្នុងនាមជាអាជ្ញាធរយើងត្រូវចុះមើលតាមមូលដ្ឋានជាប់ជានិច្ច បើទីតាំងណា ដែលមានផ្លូវ ឬលូខូចខាតត្រូវធ្វើការជុសជុលឲ្យបងប្អូនមិនត្រូវទុកចោលនោះទេ ព្រោះផ្លូវជាសរសៃឈាមក្នុងការធ្វើដំណើរសម្រាប់ផ្នែកវិស័យសេដ្ឋកិច្ចហើយ ងាយស្រួលធ្វើដំណើររបស់បងប្អូន របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណេញថវិកា និងមានសុវត្ថិភាព ធ្វើដំណើរដល់ជូនប្រជាពលរដ្ឋ ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ផៃធូន ផ្លាមកេសន បានបន្តថា ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរាយការណ៍ ជាបន្ទាន់បើមានទីតាំងណាខូចខាតដោយប្រការ ណាមួយ ត្រូវតែនាំគ្នាសហការជា មួយប្រធានមន្ទីរសាធារណការខេត្ត ជាដើម្បីធ្វើការជួសជុលជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរជូនបងប្អូនរបស់យើងទាំងអស់គ្នា។
លោកបានក្រើនរំលឹកដល់បងប្អូន សូមប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះខែនេះ ជារដូវវស្សា ដូច្នេះវាអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យដាច់ផ្លូវធ្វើដំណើរ ក្នុងមូលដ្ឋានមួយចំនួន ដែរបង្កឲ្យមានផ្គររន្ទះកើតឡើងជាច្រើនផងដែរ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សាលាខេត្តនឹងមានគម្រោង ចាក់ផ្លូវបេតុងចំនួន៤គីឡូម៉ែត្រ ក្នុងសង្កាត់ចំនួន៣ សង្កាត់ ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្នុងក្រុង សម្រាប់ឆមាសទី២ ប្រចាំឆ្នាំ២០១៧ ហើយផ្លូវដែលត្រូវធ្វើការចាក់បេតុង នាពេលខាងមុខនេះ នឹងអនុវត្តន៍នៅពេលឆាប់ៗនេះផងដែរ៕