(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា រយៈពេលមួយឆ្នាំ២០១៦ បូកនិង៥ខែដើមឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីជាង១០ម៉ឺននាក់ បានទៅទទួលសេវាពិនិត្យសុខភាព ព្យាបាលជំងឺ និងសម្រាកមាតុភាពដោយឥតបង់លុយ នៅមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។
លោក ជាវ ប៊ុនរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «នៅរយៈពេលជាងមួយឆ្នាំនេះ បងប្អូនកម្មករ-កម្មការិនី ១០៥,៨៤១នាក់ ដែលធ្វើការងារនៅតាមរោងចក្រនានា បានទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យ ១,២៧៨មន្ទីរពេទ្យ»។
លោកបន្តថា គោលរបបថែទាំសុខភាពដែលកម្មករ-កម្មការិនីទទួលបាននោះ រួមមាន៖
១៖ សេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ
២៖ សេវាព្យាបាលរហូតដល់ជាសះស្បើយដោយមិនគិតថ្លៃ
៣៖ សេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយមិនគិតថ្លៃ
៤៖ សេវាសម្រាលកូនដោយមិនគិតថ្លៃ
៥៖ សេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ
៦៖ រយៈពេល៣ខែ ឈប់សម្រាកមាតុភាព ទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពីបេឡាជាតិរបបសន្តិសុខសង្គម សរុបទាំងអស់ ១២០%។
បើតាមលោក ជាវ ប៊ុនរិទ្ធ ប.ស.ស បាននិងកំពុងដាក់ឱ្យដំណើរការរបបសនិ្តសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ បានដាក់ឱ្យអនុវត្តកាលពីខែកញ្ញា ឆ្នាំ២០១៦ មក។
សូមជម្រាបថា បច្ចុប្បន្ន ប.ស.ស បានចុះបញ្ជីរោងចក្រ សហគ្រាសឡើងវិញបានចំនួន ៧១២រោងចក្រ ក្នុងនោះមានកម្មករ-កម្មការិនីសរុបចំនួន ៧៥៣,២១១នាក់ ដែលលោក ជាវ ប៊ុនរិទ្ធ បានបន្ថែមថា របបសន្តិសុខសង្គមនេះ បានជួយសម្រួលទុកលំបាករបស់បងប្អូនកម្មករ ដែលមិនសូវមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទៅទទួលការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យថ្នាក់ជាតិ ក៏ដូចជានៅក្នុងមូលដ្ឋានបានដិតដល់ផងដែរ៕