(ក្រុងខាឌីស)៖ ក្រុមបាល់ទាត់អាជីព Real Madrid បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០១៧ គម្រប់លើកទី១២ ក្រោយយកឈ្នះគូប្រជែង Juventus របស់អ៊ីតាលីដោយលទ្ធផល ៤-១ នៅវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន ស្ថិតក្នុងទីក្រុង Cardiff នៃប្រទេសវ៉េលរាត្រីថ្ងៃអាទិត្យ នេះបើយោងតាមសារព័ត៌មាន BBC។
ទន្ទឹមគ្នានោះ ក្រុមជើងឯករបស់អេស្ប៉ាញដែលទើបតែឈ្នះពានលីគ La Liga ប្រចាំប្រទេសផងនោះ ក៏បានបំបែកកំណត់ត្រាឈ្នះជើងឯក Champions បាន២សម័យកាលជាប់ៗគ្នាដូចក្លឹប AC Milan របស់អ៊ីតាលីផងដែរ បន្ទាប់ពីឈ្នះពាននេះកាលពីឆ្នាំ២០១៦ ក្រោយផ្តួលក្លឹបអេស្ប៉ាញដូចគ្នា Atletico Madrid ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣។
២គ្រាប់របស់កីឡាករ Cristiano Ronaldo នៅនាទីទី២០ និងនាទីទី៦៤ និងមិត្តរួមក្រុម Casemiro និង Marco Asensio នៅនាទីទី៦១ និង៩០បាន ជួយឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានបំផ្លាញក្តីសង្ឃឹមរបស់ Juventus ដែលប្រាថ្នាចង់បានពាននេះក្នុងរយៈពេល ២១ឆ្នាំមកនេះ បន្ទាប់ពីពួកគេធ្លាប់ ឈ្នះចុងក្រោយកាលពីឆ្នាំ១៩៩៦មកនោះ ក្រៅពីរងជើងឯកបាន ៧ដងរាប់ទាំងលើកនេះ។
សូមបញ្ជាក់ផងដែរថា ក្រុមជើងឯក Real Madrid ទទួលបានពាន UEFA Champions League ១គ្រឿង អមដោយ មេដាយមាស ៤៥គ្រឿង និងទឹកប្រាក់ ១០៨លានដុល្លារ គ្រាដែលជើងឯករង Juventus ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៩២លានដុល្លារសហរដ្ឋអាមេរិក៕