(ភ្នំពេញ)៖ ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសចំនួន ចំនួន ២២,១៤៨ការិយាល័យ ត្រូវបានបើកទ្វារ ព្រមៗគ្នាហើយនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលទៅបោះឆ្នោតជ្រើសរើស បេក្ខក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សនយោបាយទាំង១២ ដើម្បីដឹកនាំថ្នាក់ដឹកនាំមូលដ្ឋានរបស់ពួកគេ។
បើតាមមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានចាប់ផ្តើមឡើងជាមួយស្ថានការណ៍ និងបរិយាកាសដ៏ល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែកលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ទៅចូលរួមបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សា ចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការិយា ល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ ព្រមទាំងបរិក្ខាប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នេះ គឺបានរៀបចំរួចរាល់ទាំងអស់មិនមាន ឧបសគ្គអ្វីនោះឡើយ។ ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២២,១៤៨ការិយាល័យ មានការិយាល័យបោះឆ្នោតចំនួន៥ ទទួលរងជំនន់ទឹកភ្លៀង គឺការិយាល័យលេខ ១៣៥៥ ស្ថិតក្នុងឃុំព្រែករំដេង ខេត្តកំពង់ចាម ការិយាល័យលេខ ០១៧៥ ស្ថិតក្នុងខេត្តរតនគិរី និងការិយាល័យលេខ ០១០៧ ០១០៩ ០១១០ ស្ថិតនៅក្នុងឃុំបេង ខេត្តឧត្តរមានជ័យ។ តែការិយាល័យទាំងអស់នេះ ត្រូវបានកែសម្រួលរំកិលចេញមិនឆ្ងាយពីទីតាំងចាស់ ដោយមានការឯកភាពពីតំណាងបក្សនយោបាយ ចូលរួមបោះឆ្នោតក្នុងឃុំខាងលើ ដើម្បីសម្រួលដល់ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
ចំពោះការដឹកជញ្ជូនសម្ភារបោះឆ្នោត នៅតាមឃុំដាច់ស្រយ៉ាលមួយចំនួន ដូចជា ខេត្តបាត់ដំបង និងខេត្តកោះកុង គឺត្រូវបានដឹកតាមផ្លូវទឹកយ៉ាងមានសុវត្ថិភាព ចំណែកនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី សម្ភារៈបោះឆ្នោតក៏ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រផងដែរ។
សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្តប៉ៃលិន ដែលជន់លិចដោយជំនន់ទឹកភ្លៀងនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ត្រូវបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ តាមបញ្ជីឈ្មោះបោះឆ្នោតដែលបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបក្រោមជំនួយទាំងបច្ចេកទេស និងថវិកាពីប្រទេសជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរនោះ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែង យកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ដែលមានចំនួន ១,៦៤៦ឃុំ សង្កាត់។ គណបក្សនយោបាយទាំង ១២នោះ រួមមាន៖ គណបក្សនយោបាយទាំង១២ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ), គណបក្សសង្រ្គោះជាតិ (គ.ស.ជ), គណបក្ស ហ៊្វុន ស៊ិនប៉ិច, គណបក្សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គ.ស.ប), គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប), គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម), គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (គ.ស.រ.ប), គណបក្សយុវជនកម្ពុជា (គ.យ.ក), គណបក្សអំណាចខ្មែរ (គ.អ.ខ) និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (គ.ជ.ប.ក)។
បើតាមលោក ហង្ស ពុទ្ធា បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែងមានចំនួនសរុប ៩៤,៥៩៥នាក់។ បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលបានដាក់បេក្ខភាពគ្រប់ឃុំ សង្កាត់នៅទូទាំងប្រទេស។
សម្រាប់ការបោះឆ្នោតនេះដែរ មានអ្នកសង្កេតការណ៍ជាតិ ចំនួនសរុប ៧៤,៦៧១ អ្នកសង្កេតការណ៍អន្តរជាតិ ៣៨៤នាក់ នឹងចូលរួមតាមដានដំណើរការបោះឆ្នោតនេះ។ ក្រៅពីអ្នកសង្កេតការជាតិ និងអន្តរជាតិហើយនោះ ក៏មានភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិ និងបម្រុងសរុប ១០៥,៣៤៨នាក់ផងដែរចូលរួមតាមដានការបោះឆ្នោត។
គ.ជ.ប បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាតិ អន្តរជាតិ ៧៨៨នាក់ មកពីអង្គភាពសារព័ត៌មានជាតិ-អន្តរជាតិ ៦៣អង្គភាព បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងដំណើរការបោះ ឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនា ស្អែកនេះ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ នឹងត្រូវដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕