(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកអ្នកពេញចិត្ត​។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។

តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីអាចបោះឆ្នោតបាន?

* មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះ​ឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។
* ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកជាមួយលេខាធិការ នៃគណៈកម្មការការិយាល័យ បោះឆ្នោតមិនត្រូវណែនាំឲ្យប្រជាពលរដ្ឋត្រឡប់ ទៅយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកបង្ហាញនៅការិយាល័យបោះឆ្នោត នៅពេលបោះឆ្នោតឡើយ។
* គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អង្គការ​មិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវណែនាំប្រាប់ប្រជាពលរដ្ឋថា គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចបោះឆ្នោតបានឡើយ៕