(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលត្រូវកម្ចីសម្រាប់ដោះស្រាយបញ្ហារកស៉ី និងបើកមុខរបរចិញ្ចឹមជីវិត, ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអន្តរាគមន៍ ដោយកំណត់នូវអត្រាការប្រាក់ឥណទាន (កម្ចី) សម្រាប់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអនុវត្ត ដោយមិនឲ្យលើសពីកម្រិត១៨ភាគរយ ក្នុង១ឆ្នាំ ឬ១.៥ភាគរយក្នុង១ខែឡើយ ដែលពីមុនអត្រាការប្រាក់កម្ចី អាចមានរហូតដល់ជាង៣០ភាគរយ។
ធនាគារជាតិកម្ពុជាបានបញ្ជាក់ថា ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់ អត្រាខ្ពស់ពេកពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទាន ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
ការកំណត់អត្រាការប្រាក់នេះ ត្រូវបានប្រជាពលរដ្ឋ បង្ហាញនូវក្តីសាទរ និងពេញចិត្តយ៉ាងខ្លាំង ព្រោះបន្ធូរបន្ថយនូវការចំណាយលើការបង់ការប្រាក់ប្រចាំខែ ឬប្រចាំឆ្នាំ។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីប្រាក់បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បានអនុវត្តន៍អត្រាការប្រាក់ត្រឹមជាង១០% ក្នុងមួយឆ្នាំ ប៉ុន្តែមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំបានកំណត់អត្រាការប្រាក់រហូត ដល់ជាង៣០ភាគរយ ក្នុងមួយឆ្នាំ ឬ៣ភាគរយក្នុង១ខែ ពិសេសនៅតាមទីជនបទ។
ជាមួយគ្នានេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំនោះ រាជរដ្ឋាភិបាលបានប្រកាសយ៉ាងច្បាស់ថា «គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ»។
ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែយល់ច្រឡំ និងនិយាយថា «ខ្លួនខ្ចីលុយរដ្ឋ» ប៉ុន្តែការពិត គឺខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនប៉ុណ្ណោះ៕