(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ដើម្បីបោះឆ្នោតប្រជាពលរដ្ឋត្រូវ៖
* មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។
* ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកជាមួយលេខាធិការ នៃគណៈកម្មការការិយាល័យ បោះឆ្នោតមិនត្រូវណែនាំឲ្យប្រជាពលរដ្ឋត្រឡប់ ទៅយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកបង្ហាញនៅការិយាល័យបោះឆ្នោត នៅពេលបោះឆ្នោតឡើយ។
* គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវណែនាំប្រាប់ប្រជាពលរដ្ឋថា គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចបោះឆ្នោតបានឡើយ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១៖ ខេត្តបន្ទាយមានជ័យ មានចំនួន ៦៥
២៖ ខេត្តបាត់ដំបង មានចំនួន ១០២
៣៖ ខេត្តកំពង់ចាម មានចំនួន ១០៩
៤៖ ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥៖ ខេត្តកំពង់ស្ពឺ មានចំនួន ៨៧
៦៖ ខេត្តកំពង់ធំ មានចំនួន ៨១
៧៖ ខេត្តកំពត មានចំនួន ៩៣
៨៖ ខេត្តកណ្ដាល មានចំនួន ១២៧
៩៖ ខេត្តកោះកុង មានចំនួន ២៩
១០៖ ខេត្តក្រចេះ មានចំនួន ៤៧
១១៖ ខេត្តមណ្ឌលគិរី មានចំនួន ២១
១២៖ រាជធានីភ្នំពេញ មានចំនួន ១០៥
១៣៖ ខេត្តព្រះវិហារ មានចំនួន ៥១
១៤៖ ខេត្តព្រៃវែង មានចំនួន ១១៦
១៥៖ ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦៖ ខេត្តរតនគិរី មានចំនួន ៥០
១៧៖ ខេត្តសៀមរាប មានចំនួន ១០០
១៨៖ ខេត្តព្រះសីហនុ មានចំនួន ២៩
១៩៖ ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០៖ ខេត្តស្វាយរៀង មានចំនួន ៨០
២១៖ ខេត្តតាកែវ មានចំនួន ១០០
២២៖ ខេត្តកែប មានចំនួន ៥
២៣៖ ខេត្តប៉ៃលិន មានចំនួន ៨
២៤៖ ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥៖ ខេត្តត្បូងឃ្មុំ មានចំនួន ៦៤
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕