(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសន្តិសុខជាតិ បានទម្លាយប្រាប់បណ្តាញព័ត៌មា​ន Fresh News មុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា មានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំងបានរៀបចំផែនការសំងាត់ធ្វើយុទ្ធនាការតាមទូរស័ព្ទ និង Online ដើម្បីជះឥទ្ធិពលលើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

មន្ត្រីជាន់ខ្ពស់ដដែលរូបនេះបានបញ្ជាក់ទៀតថា «យើងកំណត់បានរួចហើយនូវក្រុមអង្គការ និងសង្គមស៊ីវិល ដែលពាក់ព័ន្ធទាំងនោះ ជាពិសេសបុគ្គលជាមេក្លោង ដែលដឹកនាំយុទ្ធនាការទុច្ចរិតនេះ ក្រោមការជួយជ្រោមជ្រែងពីបាតដៃបរទេស ជាពិសេសអង្គការដែលមានស្នាក់ការនៅម្តុំចំការមន។ យើងនឹងអនុវត្តយ៉ាងហ្មឺងម៉ាត់ បំផុតចំពោះមុខសញ្ញាទាំងអស់នេះស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអង្គារ NGO និងសមាគម ហើយនិងច្បាប់បោះឆ្នោត»